ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសបើកទទួលពាក្យ សម្រាប់កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២ ខែវិច្ឆិកា

ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ដើម្បីបើកទទួលពាក្យសម្រាប់កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «លើកកម្ពស់នវានុវត្តន៍កម្ពុជា ឆ្ពោះទៅកម្រិតសកល»

សន្និសីទសារព័ត៌មាននេះ បានរៀបចំឡើងនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានការចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ជាកម្មវិធីផ្តល់ពានរង្វាន់ឌីជីថល ដែលទទួលស្គាល់ថ្នាក់ជាតិ លើសមិទ្ធផល និងស្នាដៃនវានុវត្តន៍ឌីជីថលឆ្នើមនៅកម្ពុជា។

រយៈពេល១២ឆ្នាំកន្លងមក, កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា បានក្លាយជាវេទិកាឈានមុខគេ ដែលប្រមូលផ្តុំទៅដោយធុរកិច្ចថ្មីឌីជីថល, នវានុវត្តន៍ករឌីជីថល, ក្រុមហ៊ុន និង ស្ថាប័ន ដែលមានភាពច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញនវានុវត្តន៍ ពង្រឹងសមត្ថភាពនវានុវត្តន៍ និងសេដ្ឋកិច្ច ឌីជីថលកម្ពុជាអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលជាតិ និងភ្ជាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជាទៅកាន់ទីផ្សារថ្នាក់តំបន់និងអន្តរជាតិ។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ នៅតែបន្តបេសកម្មក្នុងការពន្លឿនបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការលើកកម្ពស់ដល់នវានុវត្តន៍ឆ្នើម, ក្រុមហ៊ុន និង ស្ថាប័នឆ្នើមដែលរួមចំណែកដល់សុវត្ថិភាពសង្គម កំណើន សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ លើកទឹកចិត្តដល់អ្នក នវានុវត្តន៍ករឌីជីថលដែលមកពីគ្រប់បណ្តាវិស័យទាំងអស់ ចូលរួមចំណែកសម្រាប់កសាងសង្គម និងឌីជីថលូបនីយកម្ម។

ឯកឧត្តម សំ សិទ្ធិសេរី, កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បង្កើតឡើងក្នុងគោលបំណងដូចជា៖
* ការទទួលស្គាល់(Recognition): ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់ផលិតផល ឬសេវាកម្មឆ្នើមដែលជំរុញ ឱ្យមានបរិវត្តកម្មឌីជីថលនៅកម្ពុជា។ * ការជំរុញគាំទ្រ (Empowerment): គាំទ្រអាជីវកម្មនិងស្ថាប័ននានា នៅក្នុងការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដើម្បីការរីកចម្រើនប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។ * ការផ្សារភ្ជាប់ទំនាក់ទំនង (Connection): ពង្រឹងកិច្ចសហប្រតិបត្តិការទាំងថ្នាក់តំបន់និងអន្តរជាតិរវាង នវានុវត្តន៍ករនិងវិនិយោគិនដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថលព្រមទាំងពង្រឹងវិសាលភាពឆ្ពោះទៅ កម្រិតសកល។ * ការផ្តល់ឱកាស (Opportunity): ជាវេទិកាឌីជីថល សម្រាប់នវានុវត្តន៍ករឆ្នើមទាំងអស់ក្នុងការបង្ហាញនូវស្នាដៃ និងសមិទ្ធិផលរបស់ ដើម្បីទាក់ទាញការវិនិយោគ និងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាជាវេទិកាឌីជីថល ដែលលើសពីការប្រកួតប្រជែង ប៉ុន្តែក៏ជាផ្នែកមួយក្នុងការ ជំរុញឱ្យមានការវិនិយោគផងដែរ ជាក់ស្តែងកាលពីឆ្នាំ២០២៥ ម្ចាស់ជ័យលាភីរង នៃពានរង្វាន់រដ្ឋមន្ត្រី សម្រាប់ធុរកិច្ចថ្មីឌីជីថល បានទាក់ទាញការវិនិយោគទុនពីក្រុមហ៊ុន Plug and Play ផងដែរ។ ជោគជ័យនេះ បានស្តែងឲ្យឃើញ ពីស្តង់ដារដ៏ខ្ពស់ របស់ការប្រកួតព្រមទាំងបង្ហាញពីឱកាសសម្រាប់ធុរកិច្ចថ្មីឌីជីថលនិងអ្នកច្នៃប្រឌិតក្នុងការ ឈានជើងចូលឆាកអន្តរជាតិ។
សូមជម្រាបថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បើកទទួលពាក្យសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា, ធុរកិច្ចថ្មីឌីជីថល, និងស្ថាប័នស្រាវជ្រាវទាំងអស់ អាចដាក់ពាក្យចូលរួម កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦បាន។ រង្វាន់សរុបជាទឹកប្រាក់ចំនួន ៣០,០០០ ដុល្លារអាមេរិក នឹងត្រូវបែងចែកទៅតាមប្រភេទពានរង្វាន់ទាំង ៥ ដូចខាងក្រោម៖ * ពានរង្វាន់ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ * ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលឆ្នើមប្រចាំឆ្នាំ * ពានរង្វាន់មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ * ពានរង្វាន់ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ * ពានរង្វាន់ផលិតផលបរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ។

នវានុវត្តន៍ករកម្ពុជា និងស្ថាប័ននានា ដែលមានចំណាប់អារម្មណ៍ និងបំណងចុះឈ្មោះចូលរួមប្រកួតប្រជែង កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ (Cambodia Digital Awards 2026) អាចចុះឈ្មោះតាមគណភ្ជាប់ https://mptc.gov.kh/cda26/ បើកទទួលពាក្យចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦៕