កិច្ចពិភាក្សារវាងរដ្ឋ និងវិស័យឯកជន ស្តីពី ការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងរដ្ឋ និងវិស័យឯកជន លើប្រធានបទស្តីពី ការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឧកញ៉ា សមាជិក សមាជិកា នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង តំណាងសមាគមដឹកជញ្ជូន ក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី ប្រតិបត្តិករ និងវាគ្មិនកិត្តិយសជាច្រើនរូប។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ និងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរយោបល់គ្នា ការស្វែងយល់ពីការចូលរួមចំណែករបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យយានយន្តអគ្គិសនី ការទទួលយកនូវតម្រូវការជាក់ស្តែង បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន សំដៅជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើងខ្លាំងបន្ថែមទៀត។
ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ និន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាយើង កំពុងមានកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅទូទាំងប្រទេសសរុបមានចំនួន ២០ ៦០០ គ្រឿង ដែលក្នុងនោះរួមមាន រថយន្តចំនួន ១៥ ២៣៩ គ្រឿង ត្រីចក្រយានយន្តចំនួន ៨៦២ គ្រឿង និងទោចក្រយានយន្តចំនួន ៤ ៤៩៩ គ្រឿង។ គិតត្រឹមតែ ៦ខែ ដើមឆ្នាំ២០២៦ ការចុះបញ្ជីរហូតដល់ ៧ ៦៣២ គ្រឿង ដែលមានអត្រាកំណើនប្រមាណ ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕







