ក្រសួងបរិស្ថាន ចូលរួមផ្តល់ធាតុចូលយុទ្ធសាស្ត្រស្តីពី «ជំនាញ និងការងារបៃតង» ក្នុងសេចក្តីព្រាង គោលនយោបាយ TVET ២០២៦–២០៣៥
ភ្នំពេញ ៖ «សិក្ខាសាលាប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយ ស្តីពីការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្នាំ២០២៦–២០៣៥» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នាសណ្ឋាគារកាបូឌីយ៉ាណា ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណា វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំ ប្រមាណ ១៥០ រូប។
ក្នុងឱកាសនេះ តំណាងឱ្យក្រសួងបរិស្ថាន លោកជំទាវ អឿន បញ្ចានាថ បានចូលរួមពិនិត្យ ផ្តល់យោបល់ និងដាក់បញ្ចូលនូវធាតុចូលយុទ្ធសាស្ត្រគន្លឹះៗ សំដៅធានានូវសង្គតិភាពផ្នែកគតិយុត្ត និងការអនុលោមភាពជាមួយច្បាប់ ព្រមទាំងក្របខ័ណ្ឌគោលនយោបាយជាតិអន្តរវិស័យ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ការបញ្ជ្រាបទស្សនទាន «ជំនាញបៃតង និងការងារបៃតង (Green Skills & Green Jobs)» នេះ ធ្វើឡើងក្នុងគោលដៅជំរុញបរិវត្តកម្មកម្លាំងពលកម្មជាតិ តាមរយៈការពង្រឹងស្ថាបត្យកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសកម្ពុជា ឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចចក្រា សេដ្ឋកិច្ចបៃតង និងគោលដៅអព្យាក្រឹតកាបូនរបស់ជាតិ។
ធាតុចូលយុទ្ធសាស្ត្រសំខាន់ៗដែលក្រសួងបរិស្ថានបានរួមចំណែកដាក់បញ្ចូល រួមមាន (១) ការធានាសង្គតិភាពជាមួយច្បាប់ជាតិ និងការកំណត់និយមន័យបច្ចេកទេសជាក់លាក់លើ «ជំនាញបៃតង» ក្នុងប្រព័ន្ធបណ្តុះបណ្តាល (២) ការអភិវឌ្ឍកម្មវិធីសិក្សា និងគុណវុឌ្ឍិបៃតង ដោយការបញ្ជ្រាបវិស័យអាទិភាពដូចជា ថាមពលកកើតឡើងវិញ កសិកម្មប្រកបដោយចីរភាព សំណង់បៃតង ការគ្រប់គ្រងធនធានទឹក និងការគ្រប់គ្រងសំណល់ រួមទាំងឧស្សាហកម្មផលិតកម្មស្អាត ទៅក្នុងកម្មវិធី TVET (៣) ភាពជាដៃគូយុទ្ធសាស្ត្រ និងទីផ្សារការងារ តាមរយៈការពង្រឹងកិច្ចសហការ រវាងរដ្ឋ ជាមួយវិស័យឯកជន និងសហគមន៍មូលដ្ឋាន (PPCP) ក្នុងការធ្វើវិភាគតម្រូវការទីផ្សារការងារបៃតង និងបង្កើនឱកាសហាត់ការសម្រាប់សិក្ខាកាម (៤) ទំនើបកម្មគ្រឹះស្ថាន និងសមត្ថភាពគ្រូ ដោយធ្វើការប្រែក្លាយគ្រឹះស្ថាន TVET ឱ្យទៅជា «គ្រឹះស្ថានគំរូបៃតង» ការវិនិយោគលើមន្ទីរពិសោធន៍ស្អាត និងការបណ្តុះបណ្តាលគ្រូបង្រៀនលើគរុកោសល្យបៃតង និង (៥) ប្រព័ន្ធតាមដាន និងវាយតម្លៃ (M&E)៖ ការបង្កើតសូចនាករវាស់វែងអត្រាការងារបៃតង និងប្រព័ន្ធតាមដានការអភិវឌ្ឍជំនាញជាប្រចាំ។
តាមរយៈការបញ្ជ្រាបធាតុចូលយុទ្ធសាស្ត្រទាំងនេះ ក្រសួងបរិស្ថានសម្តែងនូវជំនឿយ៉ាងមុតមាំថា សេចក្តីព្រាងគោលនយោបាយ TVET ២០២៦–២០៣៥ នឹងក្លាយជាឯកសារមគ្គុទ្ទេសក៍ជាតិប្រកបដោយបរិយាបន្ន ក្នុងការតម្រង់ទិស និងអភិវឌ្ឍមូលធនមនុស្សកម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបនឹងនិន្នាការសេដ្ឋកិច្ចបៃតងសកល និងរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ និងសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕







