កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព
ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន ត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនទទួលបន្ទុកកិច្ចការធុរកិច្ច លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុម ប្រឹក្សានៃ សមាគម ស្ថាប័នជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ តំណាងស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម សហគ្រាស និងអ្នកវិនិយោគមកពីប្រទេសទាំងពីរ។
វេទិកានេះ មានគោលបំណងបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនទទួលបន្ទុកកិច្ចការធុរកិច្ច បានស្នើឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់លើចំណុចសំខាន់ចំនួន ៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងការវិនិយោគរវាងកម្ពុជា និងចិន
១/គឺការស្វែងយល់អំពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងតួនាទីរបស់សមាគម ក្នុងការសម្របសម្រួល គាំទ្រ និងជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគនៅកម្ពុជា។
២/គឺការស្វែងយល់ពីបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ដំណើរការធុរកិច្ចប្រកបដោយប្រសិទ្ធភាព បង្កើនផលិតភាព និងជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព។
៣/ គឺការស្វែងយល់ពីឱកាសវិនិយោគដែលមានសក្តានុពលនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដូចជា ការវិនិយោគលើរោងចក្រកែច្នៃទឹកដោះគោ ការចិញ្ចឹមគោសាច់ និងគោពូជ ការដាំដំណាំស្មៅ ដំណាំដូង ការផលិតជី ព្រមទាំងវិស័យផ្សេងៗទៀត ដែលអាចបង្កើតភាពជាដៃគូអាជីវកម្ម និងផលប្រយោជន៍រួមក្នុងរយៈពេលវែង។
និងទី៤ គឺការជំរុញ និងបង្កើតឱកាសសហប្រតិបត្តិការធុរកិច្ច និងការវិនិយោគថ្មីៗ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសសម្រាប់អតីតយុទ្ធជន និងនិវត្តជន តាមរយៈការបង្កើតការងារ ការលើកកម្ពស់ជីវភាព និងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តបន្តកែលម្អបរិយាកាសធុរកិច្ច តាមរយៈការកែទម្រង់នីតិវិធី ការពង្រឹងតម្លាភាព ការលើកកម្ពស់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគ ដើម្បីធានាថា កម្ពុជានៅតែជាគោលដៅវិនិយោគដែលមានស្ថិរភាព និងមានសក្តានុពលខ្ពស់ក្នុងតំបន់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី បានសម្តែងក្តីសង្ឃឹមថា វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន នឹងក្លាយជាយន្តការសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងរវាងអ្នកធុរកិច្ចនៃប្រទេសទាំងពីរ បង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ និងទាក់ទាញការវិនិយោគថ្មីៗមកកាន់កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព៕







