ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួង ប្រៃសណីយនិងទូរគមនាគមន៍ សំដៅពង្រឹងការគ្រប់គ្រង និងស្តង់ដាបច្ចេកទេសកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ការរៀបចំស្តង់ដាបច្ចេកទេស និងការប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការអភិវឌ្ឍបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែង។

ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួង ដោយក្នុងឱកាសកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងព័ត៌មាន បានពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងចំនួន ២ រួមមាន៖
ទី១. ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រង និងការកំណត់ស្តង់ដាបច្ចេកទេសនៃការប្រើប្រាស់ សម្ភារៈ បរិក្ខារ និងឧបករណ៍ បម្រើឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ និងវិស័យ ទូរគមនាគមន៍។
២.ប្រកាសអន្តរក្រសួងស្តីពីការបែងចែកបន្ទារប្រេកង់វិទ្យុសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សោតទស្សន៍ និងការកំណត់ស្តង់ដាបច្ចេកទេសស្តីពីការប្រើប្រាស់បន្ទារប្រេកង់វិទ្យុ។

កិច្ចប្រជុំនេះបានផ្តោតលើការផ្តល់យោបល់ និងពិនិត្យខ្លឹមសារលម្អិតនៃសេចក្តីព្រាងប្រកាសទាំងពីរ ដើម្បីធានាថា បទប្បញ្ញត្តិដែលនឹងដាក់ឱ្យអនុវត្តមានភាពគ្រប់ជ្រុងជ្រោយ អាចឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យព័ត៌មាន សោតទស្សន៍ និងទូរគមនាគមន៍ ព្រមទាំងគាំទ្រដល់ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈក្នុងវិស័យទាំងនេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរ ដើម្បីធានាឱ្យការគ្រប់គ្រង ការរៀបចំស្តង់ដាបច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យព័ត៌មាន និងទូរគមនាគមន៍ ប្រព្រឹត្តទៅដោយប្រសិទ្ធភាព តម្លាភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធពិនិត្យខ្លឹមសារសេចក្តីព្រាងប្រកាសអន្តរក្រសួងឱ្យបានគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើភាពច្បាស់លាស់ ភាពអាចអនុវត្តបាន និងស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យព័ត៌មាន និងទូរគមនាគមន៍។

ការរៀបចំក្របខណ្ឌបទប្បញ្ញត្តិឱ្យបានរឹងមាំ និងទាន់សម័យ នឹងជួយលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងការសម្របសម្រួលក្នុងការអនុវត្តការងាររវាងស្ថាប័នពាក់ព័ន្ធ ស្របតាមទិសដៅនៃការធ្វើបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល៕