អ្នកនាំពាក្យ៖ មន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃជុំវិញការបាត់ខ្លួនរបស់ពលករខ្មែរពេលចុះទូកនេសាទនៅសមុទ្រថៃ
ភ្នំពេញ ៖ មន្រ្តីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសហការជាមួយអាជ្ញាធរថៃយ៉ាងជិតស្និទ្ធ ដើម្បីជួយសង្រ្គោះ និងបន្តស្វែងរកពលករខ្មែរដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទមួយនៅសមុទ្រ ក្នុងខេត្តត្រាត ប្រទេសថៃ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ស៊ុន មេសា បានថ្លែងថា ទូកនេសាទនេះ បានចាកចេញទៅនេសាទនៅសមុទ្រកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្ដែទូកនេះបានបាត់ការទាក់ទងជាមួយម្ចាស់ទូក និងអាជ្ញាធរនៅថ្ងៃទី១០ ខែកក្កដាដោយមកដល់ពេលនេះសពពលរដ្ឋខ្មែរ ២រូប និងថៃ ១រូបត្រូវបានរកឃើញ។
ឯកឧត្តមបញ្ជាក់ថា៖«រហូតមកដល់ពេលនេះក្រុមអ្នកជួយសង្រ្គោះ បានរកឃើញជនរងគ្រោះចំនួន ៣នាក់ក្នុងចំណោម ៥នាក់ ដែលបានរងគ្រោះក្នុងហេតុការណ៍លិចទូកនេសាទនោះ។ ជនរងគ្រោះដែលរកឃើញទាំង ៣នាក់នោះ មានបងប្អូនខ្មែរ ២នាក់ និងថៃម្នាក់ ហើយសាកសពបងប្អូនខ្មែរ ១នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យ ហើយសពម្នាក់ទៀតកំពុងតម្កល់នៅមន្ទីរពេទ្យដើម្បីរង់ចាំគ្រួសារមកទទួល»។
អ្នកនាំពាក្យរូបនេះបន្ថែមថា៖«យើង កំពុងសហការ តាមដាន និងស្វែងរកខ្មែរពីរនាក់ទៀតដែលត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិត»។
ចំពោះករណីនេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានសង្កត់ធ្ងន់ថា សុវត្ថិភាពរបស់បងប្អូនយើងនៅក្រៅប្រទេស គឺជាការងារអាទិភាពដែលរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់៕







