កូនត្រីពូជចម្រុះចំនួន ២៨ ០០០កូន ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី លែងចូលទំនប់អូរតេធិបតី ដើម្បីរក្សាទុកនូវត្រីមេពូជសម្រាប់ពងកូន និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ខេត្តមណ្ឌលគិរី ៖ អាងស្តុកទឹកទំនប់អូរតេធិបតី ជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ធ្វើកសិកម្ម រក្សាទុកនូវត្រីមេពូជសម្រាប់ពងកូន ដែលផ្តល់ជាស្បៀងអាហារ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលនេសាទ និងកសិកម្ម និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញក្នុងពិធីលែងកូនត្រី ចូលទំនប់អូរតេធិបតី។ ពិធីនេះ ក៏មានវត្តមានលោក អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ យុវជន សហគមន៍ និងសិស្សានុសិស្សជាច្រើននាក់ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ពីតម្លៃ និងសារៈសំខាន់ នៃវិស័យជលផល ដែលជាផ្នែកមួយនៃផលទុនជាតិ និងជាប្រភពអាហារប្រូតេអ៊ីនដ៏សំខាន់ (ប្រមាណ ៨១.៥ ភាគរយ នៃប្រូតេអ៊ីនសាច់) សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម បានលើកឡើងថា ជាមធ្យមប្រជាពលរដ្ឋខ្មែរបរិភោគត្រីប្រមាណ ៥២.៤ គីឡូក្រាមក្នុងម្នាក់សម្រាប់មួយឆ្នាំ ហើយប្រជាជនប្រមាណ ៦ លាននាក់មានមុខរបរពាក់ព័ន្ធនឹងវិស័យជលផលនេះ។ ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលក្នុងនោះមានការកែទម្រង់វិស័យជលផល និងវិស័យព្រៃឈើផងដែរ។ ឯកឧត្តម បានផ្តាំផ្ញើដល់មន្រ្តីជំនាញ ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ត្រូវតែដើរទន្ទឹមគ្នារវាងការទាញយកផល ការអភិរក្ស និងការការពារបរិស្ថានជលផល ដើម្បីធានាតុល្យភាពរវាងតម្រូវការអាហារ និងកំណើនប្រជាជន។ ឯកឧត្តម គង់ គឹមនី បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងអង្គភាពពាក់ព័ន្ធទាំងអស់ សូមចូលរួមឱ្យបានសកម្មក្នុងចលនាលែងកូនត្រីនៅគ្រប់មូលដ្ឋាន ដើម្បីប្រែក្លាយសកម្មភាពនេះឱ្យទៅជាប្រពៃណី ក្នុងការដាស់ស្មារតីអភិរក្សជលផល និងបង្កើនផលត្រីឱ្យកាន់តែសម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។

លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រារព្ធពិធីលែងកូនត្រីនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបំផុសចលនាប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យចូលរួមថែរក្សាការពារពូជត្រីនៅក្នុងដែនទឹកធម្មជាតិ និងបង្កើនផលស្តុកត្រីឱ្យសម្បូរឡើងវិញនៅតាមវាលស្រែ និងវាលទំនាប។ លោកបណ្ឌិត សុង ឃាង បានបញ្ជាក់ថា សម្រាប់ឱកាសនេះ មន្ទីរកសិកម្ម បានរៀបចំលែងកូនត្រីពូជក្នុងស្រុកចម្រុះ រួមមាន ត្រីក្រាញ់ ត្រីឆ្ពិន ត្រីប្រា និងត្រីកាហែ សរុបចំនួន ២៨,០០០កូន ចូលទៅក្នុងអាងស្តុកទឹកទំនប់អូរតេធិបតី ដែលមានទំហំ ២៤.៤ ហិកតា និងមានសមត្ថភាពស្តុកទឹកបាន ១២,០០០,០០០ ម៉ែត្រគូប។ អាងស្តុកទឹកនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ធ្វើកសិកម្ម រក្សាត្រីមេពូជសម្រាប់ពងកូន ផ្តល់ស្បៀងអាហារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រមទាំងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញផងដែរ។ លោកប្រធានមន្ទីរក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់ថ្នាក់ ឱ្យណែនាំអប់រំប្រជាពលរដ្ឋឱ្យប្រើប្រាស់តែឧបករណ៍នេសាទស្របច្បាប់ និងរួមគ្នាទប់ស្កាត់បទល្មើសជលផល៕