កាន់តែតានតឹង! ក្រុមអ្នកតវ៉ាចលនា Cockroach រាប់ពាន់នាក់នៅប្រទេសឥណ្ឌាប្រមូលផ្តុំគ្នាដើម្បីព្យាយាមស្នើសុំសភាដកតំណែងរដ្ឋមន្រ្តីអប់រំរបស់ខ្លួនឱ្យបានឆាប់
អ្នកគាំទ្ររាប់ពាន់នាក់នៃចលនា Cockroach ឬ សត្វកន្លាតដែលដឹកនាំដោយយុវជនវ័យក្មេងឥណ្ឌាបានប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃចន្ទនេះដើម្បីដើរជាក្បួនដង្ហែទៅកាន់សភាឥណ្ឌា ដោយទាមទារឱ្យរដ្ឋមន្ត្រីអប់រំក្នុងប្រទេសដ៏ធំនេះលាលែងពីតំណែង ទោះបីជាប៉ូលីបានសបដិសេធនូវការអនុញ្ញាតឱ្យមានការតវ៉ាក៏ដោយ។ ប៉ូលីសជាច្រើននាក់បានឡោមព័ទ្ធទីកន្លែងតវ៉ាដែលមានរបាំងនៅចំកណ្តាលទីក្រុងញូវដេលី ដែលបង្កើនលទ្ធភាពនៃការប្រឈមមុខដាក់គ្នាប្រសិនបើក្រុមបាតុករបានបន្តដង្ហែក្បួនច្រើនជាងនេះ។ ហ្វូងមនុស្សនៅជិតវិមាន Jantar Mantar ដែលមានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីសភាជាតិ រួមមាននិស្សិត អ្នកជំនាញ និងគ្រួសារដែលមានកូនតូចៗមកជាមួយដែរ។ មនុស្សជាច្រើននាក់បានកាន់កាបូបស្ពាយជាមួយទឹកបរិភោគ និងអាហារ ដោយពួកគេរំពឹងថានឹងសកម្មភាពរបស់ពួកគេត្រូវអូសបន្លាយរយៈពេលវែង ខណៈដែលអ្នកផ្សេងទៀតបានគ្រវីទង់ជាតិឥណ្ឌាជាសញ្ញា។ ប៉ូលីសបានជំរុញឱ្យក្រុមបាតុករបំបែកគ្នាតាមឧបករណ៍បំពងសម្លេងផង ស្របពេលដែល ហ្វូងមនុស្សរាប់ពាន់បានស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋមន្ត្រីអប់រំ និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ នាង Jyoti Rajput ជាគ្រូបង្រៀនយូហ្គា បាននិយាយថា នាងបានចូលរួមតវ៉ានេះ គឺដោយសារតែនាងមើលឃើញថា “ប្រព័ន្ធអប់រំកំពុងពុករលួយ និងការបដិសេធមិនចាត់វិធានការលើបញ្ហានេះរបស់រដ្ឋាភិបាល”។ នាងបាននិយាយថា “ពួកគេមិនអាចមើលឃើញពីការឈឺចាប់របស់និស្សិតទេ ហើយនោះហើយជាមូលហេតុដែលមនុស្សជាច្រើនបានចូលរួមចលនានៅពេលនេះ”។ ចំណែក Sneha Eppili ជាអ្នកតវ៉ាអាយុ២៦ឆ្នាំម្នាក់បាននិយាយថា នាងមានអារម្មណ៍ថារដ្ឋាភិបាលជំពាក់ចម្លើយដល់ប្រជាជនដែលបានជ្រើសរើសពួកគេ។ «ខ្ញុំបានបោះឆ្នោតឱ្យរដ្ឋាភិបាល ដូច្នេះខ្ញុំគិតថាពួកគេគួរតែទទួលខុសត្រូវក្នុងការឆ្លើយសំណួររបស់ពួកយើង។ នោះជាសិទ្ធិមនុស្សជាមូលដ្ឋានដែលខ្ញុំសមនឹងទទួលបាន ហើយខ្ញុំគិតថាខ្ញុំទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតឡើង ពីព្រោះខ្ញុំបានបោះឆ្នោតឱ្យរដ្ឋាភិបាល ដូច្នេះហើយខ្ញុំនៅទីនេះដើម្បីសុំចម្លើយ»។ ក្រុម Cockroach Janta បានលេចចេញជារូបរាងនៅក្នុងខែឧសភា បន្ទាប់ពីប្រធានចៅក្រមតុលាការកំពូលបានប្រៀបធៀបយុវជនអត់ការងារធ្វើមួយចំនួនទៅនឹង «សត្វកន្លាត» អំឡុងពេលនៃសវនាការដែលមិនទាក់ទងគ្នាមួយ។ អ្នកគាំទ្របានទទួលយកការកត់សម្គាល់នេះ ដោយប្រែក្លាយឈ្មោះនេះ ទៅជាចលនាបែបកំប្លែង ដែលបានទាក់ទាញអ្នកតាមដានរាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ចលនានេះទទួលបានសន្ទុះខ្លាំងបន្ទាប់ពីការលេចធ្លាយម្តងហើយម្តងទៀតនៃស្ថានភាពប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្ត្រ និងការងាររដ្ឋាភិបាលដែលមានហានិភ័យខ្ពស់បានបង្កឱ្យមានកំហឹងពីសាធារណជន។ ក្រុមនេះបានទាក់ទាញចំណាប់អារម្មណ៍កាន់ច្រើនឡើង បន្ទាប់ពីប៉ូលីសបានបង្ខំឱ្យសកម្មជនដែលធ្វើកូដកម្មអត់អាហារដែលមាន Sonam Wangchuk ទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃសៅរ៍នេះ។ ក្រុមអ្នកតវ៉ាដែលហៅខ្លួនឯងថា «សត្វកន្លាត ឬ Cockroach » បានបោះជំរុំនៅ Jantar Mantar អស់រយៈពេលមួយខែកន្លងមកនេះ ដោយសមាជិកនៃក្រុមនិស្សិតជាច្រើនបានចូលរួមក្នុងកូដកម្មអត់អាហាររបស់លោក Wangchuk។ អ្នកគាំទ្ររាប់ពាន់នាក់ក៏បានចេញមកពីសាកលវិទ្យាល័យ និងការជួបជុំគ្នានៅក្នុងទីក្រុងផ្សេងទៀត។ ពួកគេកំពុងទាមទារឱ្យរដ្ឋមន្ត្រីអប់រំឥណ្ឌាលោក Dharmendra Pradhan លាលែងពីតំណែង ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធប្រឡង និងសំណងសម្រាប់ក្រុមគ្រួសារសិស្សដែលបានស្លាប់ដោយសារការធ្វើអត្តឃាតបន្ទាប់ពីការលេចធ្លាយឯកសារប្រលង។ មុនពេលហែក្បួន លោក Wangchuk បាននិយាយថា លោកនឹងបញ្ចប់កូដកម្មអត់អាហារជិតបីសប្តាហ៍របស់លោក លុះត្រាតែរដ្ឋាភិបាលទទួលខុសត្រូវចំពោះការបរាជ័យនៅក្នុងប្រព័ន្ធអប់រំរបស់ខ្លួន និងការលេចធ្លាយឯកសារប្រឡង ឬប្រសិនបើអ្នកតវ៉ាត្រូវបានអនុញ្ញាតឱ្យទៅដល់សភា ហើយអ្នកតាក់តែងច្បាប់ត្រូវបានសន្យាថានឹងលើកឡើងពីបញ្ហានេះ ជូនដល់សភាទាំងពីរដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ





