មនុស្ស៥នាក់បានស្លាប់ និងបាត់ខ្លួនមិនទាន់បានកំណត់ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៥.៥ វាយប្រហារតំបន់ Andes ក្នុងប្រទេសប៉េរូ
អាជ្ញាធរមូលដ្ឋានបានថា គ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័របានវាយប្រហារប្រទេសប៉េរ៉ូកាលពីយប់ចុងសប្តាហ៍នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងបណ្តាលឱ្យមនុស្សជាង ២០ នាក់រងរបួស។ មនុស្សប្រហែលជា ៣០០ នាក់ត្រូវបានគេជម្លៀសចេញ។ យោងតាមទីភ្នាក់ងារស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះបានវាយប្រហារប្រទេសនេះនៅថ្ងៃសៅរ៍ វេលាម៉ោង ៩:២៤ យប់ (ម៉ោងក្នុងស្រុក) ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ២គីឡូម៉ែត្រភាគខាងលិច និង ភាគនិរតីនៃទីក្រុង Sicaya ក្នុងខេត្ត Huancayo។ វិទ្យាស្ថានការពារជនស៊ីវិលជាតិរបស់ប្រទេសប៉េរូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនមនុស្សសរុបបាត់ខ្លួននៅតែមិនទាន់ដឹងនៅឡើយទេមកដល់ពេលនេះ។ អ្នកឆ្លើយតបបន្ទាន់កំពុងធ្វើការនៅថ្ងៃអាទិត្យយ៉ាងម៉ត់ចត់នៅកន្លែងដែលអគារដួលរលំពីការរញ្ជួយ និងផ្ទះជាច្រើនខ្នងដែលបានដួលសង្កត់។ អ្នកស្រុកក្នុងតំបន់ម្នាក់ដែលតក់ស្លុតចិត្តយ៉ាងខ្លាំងបាននិយាយថា នាងបានចាកចេញពីផ្ទះរបស់នាងជាមួយស្វាមី និងកូនៗរបស់នាងទាន់ពេល អំឡុងពេលមានការរញ្ជួយ។ នាងបញ្ជាក់ថា៖ យើងបានចាកចេញជាមួយកូនៗ និងស្វាមីរបស់ខ្ញុំដោយពួកយើងសឹងតែរត់គេចមិនទាន់។ ខ្ញុំបានទៅកាន់ផ្ទះម្តាយរបស់ខ្ញុំ ហើយផ្ទះនោះក៏ត្រូវបានបំផ្លាញទាំងស្រុងរួចទៅហើយដែរ។ យោងតាមវិទ្យាស្ថានជាតិការពារជនស៊ីវិលបានរាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនពិតប្រាកដនៃមនុស្សបាត់ខ្លួនមិនទាន់ដឹងនៅឡើយ ដូច្នេះចំនួនមនុស្សស្លាប់អាចនឹងកើនឡើងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ





