ឯកឧត្តម អ៊ុំ សុខ ជំរុញអោយ អ. ន. ក ខេត្តឧត្តរមានជ័យគ្រប់ថ្នាក់ទាំងអស់ ព្យាយាមសិក្សាពីបទបង្ហាញ ការងារបេឡាមរណសង្គ្រោះ និងការងាររដ្ឋាលជូនអតីតយុទ្ធជន និងនិវត្តជន

ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា  នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ

បានអញ្ជើញ​ជា​អធិបតីភាព​ក្នុងពិធីការធ្វើបទបង្ហាញនិងបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ លី អនុប្រធានប្រចាំការ អ.ន.ក.ខេត្តឧត្តរមានជ័យ តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធាន អ.ន.ក.ខេត្ត ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធីការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់  ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញខេត្តឧត្តរមានជ័យ។

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលតែងតែយកចិត្តទុក្ខដាក់ ចំពោះអតីតយុទ្ធជន និងនិវត្តជន

ឱកាសនោះ ឯកឧត្តម អ៊ុំ សុខ មានប្រសាសន៍ថា ក្រោយពីពិធីមហាសន្និបាតបញ្ចូលនិវត្តជនជាសមាជិកភាពទៅក្នុងសមគមតែមួយជាមួយអតីតយុទ្ធជន ទើបការងារលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗមានការកែសម្រួលជាថ្មី និងកាងារសមាគមពង្រីកវិសាលភាពធំជាងមុន នៅតាមក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្ត  ទើបថ្នាក់ដឹកនាំសមាគមចាត់តាំងថ្នាក់ដឹកនាំ ដែលជាមន្ត្រីជំនាញរបស់ អ.ន.ក.ថ្នាក់កណ្ដាល ចុះធ្វើបទបង្ហាញ និងបណ្តុះបណ្ដាលពីការងារសមាគម ជាមួយនិងរចនាសម្ព័ន្ធថ្មី ជាពិសេសគឺបណ្តុះបណ្តាលពង្រឹងការងារដ្ឋបាល ពាក់ព័ន្ធ ការបញ្ចូលសមាជិកសមាគម និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ដើម្បីឱ្យថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. គ្រប់ជាន់ថ្នាក់ក្នុងខេត្ត បានយល់ច្បាស់ និងដើម្បីបំរើកាងារសមាគម ជូនអតីតយុទ្ធជន និងនិវត្តជន អោយបានកាន់តែល្អប្រសើរ ។

ឯកឧត្តម អ៊ុំ សុខ មានប្រសាសន៍ទៀតថា អ.ន. ក. តាមថ្នាក់នីមួយៗ ត្រូវគ្រប់គ្រងស្ថិតិ បញ្ជីឈ្មោះ អតីតយុទ្ធជន និងនិវត្តជន ទាំង៤៩៨៩នាក់ ក្នុងខេត្តឧត្តរមានជ័យ និងចុះជួបផ្ទាល់ដល់ខ្នងផ្ទះរបស់សមាជិកសមាគមមានទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីភាពស្និទ្ធស្នាល ងាយស្រួលគ្រប់គ្រង ដឹងសុខទុក្ខ និងអនុវត្តកាងារជូនអតីតយុទ្ធជនកាត់តែរហ័ស និងប្រសិទ្ធភាព។

គណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំ សង្កាត់ទាំងអស់ ត្រូវចុះស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើជាសៀវភៅប្រវត្តរូបរបស់អតីតយុទ្ធជន និងនិវត្តជន សម្រាប់ទុកនៅថ្នាក់ឃុំសង្កាត់ចំនួន១ក្បាល, ថ្នាក់ក្រុង ស្រុក១ក្បាល, ថ្នាក់ខេត្ត១ក្បាល និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ថ្នាក់កណ្តាល ១ក្បាល ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសមាជិកនិងដឹងច្បាស់ពីត្រូវការ។

ជាចុងបញ្ចប់ ឯកឧត្តម អ៊ុំ សុខ បានបន្ថែមថាដើម្បីបំរើកាងារសមាគម និងការយកចិត្តទុក្ខដាក់ខ្ពស់លើអតីតយុទ្ធជន និងនិវត្តជនក្រុមការងារ​នៃគណៈកម្មាធិការ អ.ន.ក ខេត្តឧត្តរមានជ័យ គ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវសិក្សាស្វែងយល់ការធ្វើបទបង្ហាញស្តីពីការងាររដ្ឋបាល នឹងការងារបេឡាមរណសង្រ្គោះរបស់គ្រូឧទ្ទេស ដែលមានបទពិសោធន៍យូរឆ្នាំ ទៅលើកាងារ ប.ម.ស. និង ម.ជ.ជ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីអនុវត្តការងារបស់មាគមអោយកាន់តែល្អ និងកាងារបំរើកាងារជូនអតីយុទ្ធជន និងនិវត្តជនកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវាលា ៕