រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយផ្នែកសន្តិសុខ ប្រមាណ ៣លានដុល្លារដល់កម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយ ប្រមាណ ៣លានដុល្លារ ដល់កម្ពុជា ដើម្បីប្រើប្រាស់លើវិស័យសន្តិសុខ ក្រោមគម្រោងជំនួយសន្តិសុខផ្លូវការ (OSA)។ លិខិតប្តូរសាររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ស្តីពីជំនួយសន្តិសុខផ្លូវការនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) បញ្ជាក់ថា គម្រោងនេះនឹងផ្តល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោកកម្ពុជា និងនាវាល្បាតសម្រាប់កងទ័ពជើងទឹកកម្ពុជា។ ឯកឧត្តម ជឿជាក់ថា ការចូលរួមចំណែកពង្រឹងសមត្ថភាពសន្តិសុខរបស់កម្ពុជា ព្រមទាំងការរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់តាមរយៈគម្រោង OSA នេះ ក៏មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការបង្កើនភាពរឹងមាំនៃទំនាក់ទំនងសន្តិសុខរវាងជប៉ុន និងកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត រំពឹងថា ការគាំទ្រតាមរយៈគម្រោង OSA សម្រាប់កងទ័ពជើងគោកកម្ពុជានេះនឹងបង្កើតបានជាកិច្ចសហការប្រកបដោយប្រសិទ្ធភាពរួមគ្នា ជាមួយនឹងកម្មវិធីផ្លាស់ប្តូរបទពិសោធរវាងអ្នកជំនាញបញ្ជូនសារ នៃកងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងកងទ័ពជើងគោកកម្ពុជា ដែលមានគោលបំណងបង្កើតសាលាបញ្ជូនសារដំបូងគេបង្អស់សម្រាប់កងទ័ពជើងគោកកម្ពុជា។

ជាការកត់សម្គាល់ មុនពិធីចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការខាងលើ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ក៏មានជំនួបសម្ដែងការគួរសម និងជម្រាបលាចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ 

តាមសេចក្ដីប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ជំនួយសន្តិសុខផ្លូវការ (OSA) ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងខែមេសា ឆ្នាំ២០២៣ គឺជាក្របខ័ណ្ឌជំនួយឥតសំណងឯកទេសមួយ ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពសន្តិសុខ និងការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយជប៉ុន ក្នុងការរក្សាសន្តិភាពអន្តរជាតិ និងបណ្តុះបរិយាកាសសន្តិសុខអំណោយផលដល់ប្រទេសជប៉ុន។

សូមបញ្ជាក់ថា ៖ ចាប់តាំងពីឆ្នាំ២០២៣ កម្មវិធីនេះត្រូវបានអនុវត្តជាមួយប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ហើយបន្តនៅទូទាំងតំបន់អាស៊ី និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចជាប្រទេសឥណ្ឌូណេស៊ី ជីប៊ូទី និងស្រីលង្កា។ មកដល់ពេលនេះ មានប្រទេសសរុបចំនួន១២ ខណៈកម្ពុជា គឺជាប្រទេសទី១៣ ដែលទទួលបានជំនួយនេះ។ ការផ្ដល់ជំនួយផ្នែកសន្តិសុខដល់កម្ពុជានេះ ក៏ព្រោះថាជប៉ុនចាត់ទុកកម្ពុជា ជាស្នូលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ជប៉ុន ហើយការអភិវឌ្ឍរបស់កម្ពុជា គឺមានសារៈសំខាន់សម្រាប់ស្ថិរភាព និងវិបុលភាព មិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ទាំងមូលផងដែរ៕