ក្រុមហ៊ុនចិនមួយ មកពីខេត្តចឺជាំង គ្រោងបោះទុន១ពាន់លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តតាកែវ
ខេត្តតាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឲ្យដឹងថា ដោយសារសម្លឹងឃើញសក្ដានុពល ក្រុមហ៊ុនចិន មានអាយុកាលជាង២០ឆ្នាំ គ្រោងបណ្ដាក់ទុនវិនិយោគប្រមាណ១ពាន់លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេស គ្រឿងបង្គុំអគ្គិសនីនៅខេត្តតាកែវ។
ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍បន្តថា លោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន៣៥ ដឹកនាំដោយលោក ហ័ង ឆេងអាន (HUANG CHENG AN) ប្រធានសមាគមសហគ្រាសខ្នាតមធ្យម និងជាអគ្គនាយកក្រុមហ៊ុន Aozhan Industrial Co., Ltd. ប្រចាំខេត្តចឺជាំង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស គ្រឿងបង្គុំអគ្គិសនី ក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រោមទុនវិនិយោគប្រមាណ១ពាន់លានដុល្លារ។
ក្រុមហ៊ុន Aozhan Industrial Co., Ltd. ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០០៥ មានទីស្នាក់ការកណ្តាលនៅទីក្រុងហ័ងចូវ (Hangzhou) ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍ ផលិតកម្ម ការលក់ និងសេវាកម្មនៅក្នុងសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់លំដាប់អន្តរជាតិ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគចំនួន៣២ ជាប់លេខរៀងទី៤ ក្នុងចំណោមខេត្ត-ក្រុង ដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ បន្ទាប់ពីខេត្តកំពង់ស្ពឺ កណ្ដាល និងស្វាយរៀង៕







