អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង ប្រទេសចិន ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគ

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសេវាកម្មសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង ប្រទេសចិន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដឹកនាំដោយលោក HUANG CHENGAN ប្រធានសមាគម និងជាប្រធានក្រុមប្រឹក្សាសមាគមសេវាកម្មសហគ្រាសធុនតូច និងមធ្យមខេត្តជីជាំង នៃក្រុមហ៊ុន Aozhan Industrial Co., Ltd។

ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូ និងបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដែកថែបគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខេត្តព្រះសីហនុទទួលបានសមិទ្ធិផលធំៗជាច្រើន ដូចជាផ្លូវល្បឿនលឿន និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។  ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូអំពីភាពអំណោយផលនៃកត្តាភូមិសាស្ត្រ ដែលធ្វើឱ្យខេត្តព្រះសីហនុក្លាយជា «តារារះនាទិសនារតី» និងជាខេត្តស្នូលនៃខេត្តជាប់តំបន់ឆ្នេរទាំង៤ របស់កម្ពុជា ដោយមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិឧស្សាហកម្ម ព្រមទាំងមានប្រព័ន្ធដឹកជញ្ជូនដ៏សម្បូរបែប។ 

-ផ្លូវទឹក៖ មានកំពង់ផែអន្តរជាតិចំនួន៣ រួមមាន កំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដោយឡែក កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍជា ៣តំណាក់កាល ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ ជាមួយនឹងជម្រៅទឹក ១៧,៥០ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាផ្ទុកទម្ងន់រហូតដល់ ១៦ម៉ឺនតោន ចូលចតបាន។ -ផ្លូវគោក៖ តភ្ជាប់ទៅកាន់រាជធានី និងខេត្តផ្សេងៗតាមរយៈ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។-ផ្លូវអាកាស៖ មានអាកាសយានដ្ឋានអន្តរជាតិ ដែលមានផ្លូវរត់ (Runway) ប្រវែង ៣ ៣០០ម៉ែត្រ។ ឆ្លើយតបនឹងសក្តានុពលទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការរៀបចំខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដោយបែងចែកជា ៤តំបន់ធំៗ (Zones) រួមមាន៖

១.តំបន់ឧស្សាហកម្ម និងភស្តុភាកម្ម៖ អភិវឌ្ឍសួនឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភាកម្មរួម។

២.តំបន់ទីក្រុងសមាហរណកម្ម៖ បង្កើតជាទីក្រុងរស់នៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។៣.តំបន់ទេសចរណ៍ធម្មជាតិ និងកោះ៖ អភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរ និងកោះ។

៤.តំបន់កសិឧស្សាហកម្ម និងវារីវប្បកម្ម៖ ជំរុញការផលិត និងកែច្នៃកសិផល។

លោក HUANG CHENGAN ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងសហការី។ លោកបានបញ្ជាក់ថា នេះជាលើកទី២ ហើយដែលលោកបានដឹកនាំសមាជិកសមាគមមកទស្សនកិច្ចនៅកម្ពុជា ហើយការមកកាន់ខេត្តព្រះសីហនូនាពេលនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីឱកាសបោះទុនវិនិយោគ។ លោកបានបន្ថែមថា សមាជិកប្រតិភូដែលធ្វើដំណើរមកជាមួយភាគច្រើន គឺជាតំណាងក្រុមហ៊ុនក្នុងវិស័យគ្រឿងសំណង់ និងបរិក្ខារអគ្គិសនី ដែលមានបំណងចង់រួមចំណែកអភិវឌ្ឍន៍នៅក្នុងខេត្ត។ លោកប្រធានសមាគមក៏បានបង្ហាញបំណងចង់វិនិយោគលើ «គម្រោងបង្កើតរោងចក្រដុតសំរាមដើម្បីបំប្លែងជាថាមពលអគ្គិសនី» នៅក្នុងខេត្តព្រះសីហនុ ក្នុងគោលដៅចូលរួមចំណែកគ្រប់គ្រងបរិស្ថាន និងផ្គត់ផ្គង់ថាមពលបៃតង។

នៅក្នុងឱកាសនោះដែរ លោក HUANG CHENGAN ក៏បានគោរពអញ្ជើញ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងសហការី ទៅបំពេញទស្សនកិច្ចនៅខេត្តជីជាំង ប្រទេសចិន នាពេលសមស្របណាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងសមាគមសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

អត្ថបទ៖ ស្រីភួង