សហគមន៍ចូលរួមដាំស្មៅយក្សអាចរកចំណូលនិងជួយការពារបរិស្ថាន

ក្រសួងបរិស្ថានកំពុងរៀបចំដាំស្មៅយក្ស ដែលគេស្គាល់ផងដែរថា Giant King Grass ឬ Napier Grass នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ នៅក្នុងពិធីផ្សព្វផ្សាយជំរុញភាពស្អាត និងភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិភ្នំទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ដោយមានការគាំទ្រពីរដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្រសួងបរិស្ថានបានសិក្សាទីតាំងរួចហើយ និងបានសម្រេចការរៀបចំដាំស្មៅយក្ស នៅពេលខាងមុខក្នុងឆ្នាំ២០២៦ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

ឯកឧត្តម បានលើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិ ឬសហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ និងការស្តារគម្របព្រៃឈើ។ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញសហគមន៍តំបន់ការពារធម្មជាតិជាច្រើន ឱ្យមានការអភិវឌ្ឍគោលដៅលម្ហែ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើតប្រាក់ចំណូលបន្ថែម។ លើសពីនេះ ការបង្កើតមុខរបរថ្មីៗ និងការគាំទ្រផ្នែកជីវភាព ជួយកាត់បន្ថយការពឹងផ្អែករបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន លើការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វខុសច្បាប់។ គម្រោងដាំស្មៅយក្សជាមួយសហគមន៍នៅពេលនេះ ឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ចូលរួម អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការការពារសម្បត្តិ បេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដូចជាព្រៃឈើ សត្វព្រៃ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនចំណូលជីវភាពរបស់សហគមន៍។ ការណ៍នេះជួយឱ្យប្រជាពលរដ្ឋ តាមសហគមន៍មានអុសប្រើប្រាស់ សម្រាប់ចម្អិនអាហារ ដោយមិនចាំបាច់ចូលព្រៃកាប់ឈើធម្មជាតិទៀតឡើយ។ វាជួយបង្កើនគម្របបៃតងយ៉ាងរហ័ស ព្រមទាំងមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកឧស្ម័នកាបូនិច (CO₂) ពីបរិយាកាស។ ការដាំស្មៅយក្សត្រូវបានអ្នកជំនាញ លើកឡើងថា វាបង្កើតបានប្រព័ន្ធឫសដ៏រឹងមាំជួយការពារការហូរច្រោះដី រក្សាសំណើម និងបង្កើនគុណភាពដីនៅតំបន់ជុំវិញ។ ក្រៅពីប្រើក្នុងសហគមន៍ ស្មៅយក្សក៏អាចផ្គត់ផ្គង់ ជាថាមពលជីវម៉ាសសម្រាប់រោងចក្រ និងវិស័យឧស្សាហកម្ម ដែលជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។

សូមបញ្ជាក់ថា ការដាំស្មៅយក្សមានសមត្ថភាពអនុវត្តនៃការប្រើប្រាស់ស្មៅសម្រាប់ផលិតធ្យូងជីវៈដែលកំពុងត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ដោយសារតែអត្ថប្រយោជន៍ និងការប្រើប្រាស់ជាច្រើនរបស់វា។

គឺជាដំណាំថាមពលដែលលូតលាស់លឿន អាចមានកម្ពស់លើសពី ៤ ម៉ែត្រ និងអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែ ១៩៥ ថ្ងៃ។ វាអាចដាំបាននៅតំបន់ត្រូពិច ដូចជានៅប្រទេសកម្ពុជា។ ទិន្នផលរបស់ Giant King Grass ក្នុងរដូវដាំដុះរយៈពេល ១២ ខែ (១ឆ្នាំ) អាចសម្រេចបានប្រហែល ៣៧៥–៤០០ តោនក្នុងមួយហិកតា ជាស្មៅស្រស់ ដែលមានសំណើមប្រហែល ៧០%។ ទិន្នផលជាម៉ាសស្ងួតអាចបានប្រហែល ១០០ តោនក្នុងមួយហិកតា។ ហើយចំណូលការដាំ ត្រូវបានសិក្សាឱ្យឃើញថា ក្នុង១ ហិចតា ក្នុង១ឆ្នាំអ្នកដាំស្មៅយក្ស អាចរកចំណូលបានប្រមាណ២០លានរៀល (5000 ដុល្លារ)៕