ឯកឧត្តម ឈួរ សុបញ្ញា : អ្នកដែលចេះដាំ និងថែរក្សាដើមឈើ គឺជាអ្នកដែលកំពុងបណ្តុះ មេត្តា កត្តញ្ញូ និងទំនួលខុសត្រូវ ចំពោះសង្គម និងមនុស្សជំនាន់ក្រោយ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ៥ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាកចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយរដ្ឋបាលឃុំដំណាក់រាំង បានរៀបចំកម្មវិធីដាំដើមឈើ អបអរសាទរ ទិវារុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីសម្រស់មូលដ្ឋានយើង» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋជាច្រើនរូប ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវចំពោះបរិស្ថានដោយមានការចូលរួមពីរដ្ឋបាលឃុំ ប្រជាពលរដ្ឋ និងយុវជនជាច្រើនរូប ។
ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្សធនធានធម្មជាតិ បង្កើនគម្របព្រៃឈើ កែលម្អបរិស្ថាន និងបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ ដើម្បីរួមចំណែកកសាងមូលដ្ឋានឱ្យក្លាយជាទីកន្លែងរស់នៅប្រកបដោយភាពស្អាត បៃតង សុខដុមរមនា និងចីរភាព។ ដើមឈើមួយដើម ប្រហែលជាតូចនៅថ្ងៃដាំ ប៉ុន្តែវានឹងក្លាយជាម្លប់ដ៏ធំសម្រាប់មនុស្សជាច្រើននៅថ្ងៃអនាគត។ វាផ្តល់អុកស៊ីសែន ស្រូបយកឧស្ម័នកាបូន ការពារការហូរច្រោះដី រក្សាសំណើម បង្កើនជីវចម្រុះ និងធ្វើឱ្យបរិស្ថានរស់នៅកាន់តែប្រសើរ។ ដូច្នេះ ការដាំដើមឈើមិនមែនជាការងាររបស់អ្នកជំនាញបរិស្ថានតែប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ពលរដ្ឋគ្រប់រូប។ ក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនា ការថែរក្សាធម្មជាតិ គឺជាការអនុវត្ត មេត្តា ចំពោះសត្វលោក និងជាការរស់នៅដោយមិនបំផ្លាញជីវិតអ្នកដទៃ។ ព្រះពុទ្ធសាសនាបង្រៀនឱ្យមនុស្សរស់នៅដោយភាពសមល្មម ដឹងគុណធម្មជាតិ និងមិនប្រើប្រាស់ធនធានដោយខ្វះការទទួលខុសត្រូវ។ មនុស្សដែលចេះដាំ និងថែរក្សាដើមឈើ គឺជាមនុស្សដែលកំពុងបណ្តុះ មេត្តា កត្តញ្ញូ និងទំនួលខុសត្រូវ ចំពោះសង្គម និងមនុស្សជំនាន់ក្រោយ។ ការដាំដើមឈើក៏ជាការកសាង មូលធនសីលធម៌ ផងដែរ ព្រោះវាបង្ហាញពីការគិតគូរផលប្រយោជន៍រួមលើសពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ដើមឈើមិនដែលជ្រើសរើសថានឹងផ្តល់ម្លប់ដល់អ្នកណាទេ វាផ្តល់ប្រយោជន៍ដល់មនុស្សគ្រប់រូបដោយស្មើភាព។ នេះគឺជាគំរូនៃការរស់នៅដើម្បីអ្នកដទៃ ដែលសង្គមគួរយកជាគុណតម្លៃ។
ឯកឧត្តមបន្តទៀតថា ការដាំដើមឈើក៏ស្របទៅនឹងទិសដៅអភិវឌ្ឍប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។ ការកសាងសេដ្ឋកិច្ច និងការការពារបរិស្ថាន មិនមែនជាជម្រើសមួយក្នុងចំណោមមួយទេ ប៉ុន្តែត្រូវដើរទន្ទឹមគ្នា ដើម្បីធានាថាការអភិវឌ្ឍនៅថ្ងៃនេះ មិនប៉ះពាល់ដល់ឱកាសរស់នៅរបស់មនុស្សជំនាន់ក្រោយ។ សូមឱ្យចលនា «រួមគ្នាដាំដើមឈើ ដើម្បីសម្រស់មូលដ្ឋានយើង» ក្លាយជាចលនាប្រចាំឆ្នាំ និងជាវប្បធម៌របស់សហគមន៍ ដោយឱ្យគ្រប់គ្រួសារ គ្រប់សាលារៀន គ្រប់វត្តអារាម និងគ្រប់ស្ថាប័ន ចូលរួមដាំ និងថែរក្សាដើមឈើឱ្យបានគង់វង្ស ដើម្បីបន្សល់ទុកបរិស្ថានដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយ។ មនុស្សដាំដើមឈើ មិនមែនដើម្បីរស់ក្រោមម្លប់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឱ្យអ្នកដទៃ និងកូនចៅជំនាន់ក្រោយ មានម្លប់ជ្រក មានខ្យល់បរិសុទ្ធ និងមានភពផែនដីដែលគួរឱ្យរស់នៅ។ ការដាំដើមឈើមួយដើម គឺជាការដាំក្តីសង្ឃឹមមួយសម្រាប់អនាគតរបស់ជាតិ»។







