កសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន កំពុងតែដាំដុះបន្លែសុវត្ថិភាព និងផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ អមដំណើរដោយឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB និងសហការី បានអញ្ជើញចុះពិនិត្យមើលដំណើរការដាំដុះបន្លែសុវត្ថិភាពនៅកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
កសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន កំពុងដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន៦០ខ្នង ក្នុងទំហំដីប្រមាណជាង ១០ហិកតា ដោយមានគ្រូជំនាញ១២រូប ចាំជួយបណ្តុះបណ្តាលអ្នកញៀនគ្រឿងញៀនឱ្យចេះដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងបន្សាបគ្រឿងញៀន។ ក្នុងមួយថ្ងៃបន្លែប្រមាណ ១៥០គីឡូក្រាមត្រូវបានផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង។
ការអញ្ជើញចុះពិនិត្យមើល ទីតាំងដាំដុះបន្លែសុវត្ថិភាពនៅកសិដ្ឋានខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បាននិងកំពុងតែជំរុញ លើកស្ទួយកសិករអ្នកដាំដុះ ដើម្បីផ្គត់ផ្គង់តម្រូវការអ្នកបរិភោគបន្លែប្រចាំថ្ងៃ ជាពិសេស ការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន បង្កើតការងារនៅតាមមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ។
បច្ចុប្បន្ននេះ កសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន កំពុងតែដាំដុះបន្លែសុវត្ថិភាព មាន ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ប៉េងប៉ោះឈើរី និងខាត់ណាដើម ដើម្បីផ្គត់ផ្គង់នៅក្នុងមជ្ឈមណ្ឌល និងលើទីផ្សារក្នុងស្រុកមួយចំនួន៕







