ឯកឧត្តម ហ៊ុន ម៉ានី «ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយរឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង កម្មវិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានពហុកីឡាដ្ឋានជាតិអូឡាំពិក។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។
ក្រោយបញ្ចប់ ការប្រកួត វគ្គផ្ដាច់ព្រ័ត្រ នៅក្នុងទីលានពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រុមបាល់ទាត់ សុីប៊ែល អរហ្វសុី បាន ក្លាយជាម្ចាស់ជើងឯក នៃការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ផ្នែកបុរស បន្ទាប់ ពី យកឈ្នះលើក្រុម អិនអេសអិម អាយអេសភី អេហ្វធី ក្នុងលទ្ធផល ៣ទល់និង១ ។ ចំពោះ ផ្នែកនារី នៃការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បានទៅលើក្រុមយុវតីស្ទាំងក្មេងវត្តក្តីចាស់ បន្ទាប់ ពី យកឈ្នះលើក ក្រុម សេនាអង្គរ យូណាយធីត ក្នុងលទ្ធផល ៥ទល់ និង១ ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បានឡើងធ្វើការរបាយការណ៍សង្ខេបស្ដីពី ការប្រកួតពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ដោយទទួលបានការដាក់ពាក្យចូលរួមប្រកួត មានចំនួន ៦៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទាំត់បុរសចំនួន ៥៦ក្រុម និងក្រុមបាត់ទាត់នារីចំនួន ៨ក្រុម។
ឯកឧត្តមអភិសន្ដិបណ្ឌិត បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាងមួយខែកន្លងមក ក្រុមកីឡាករនីមួយៗបានបង្ហាញពីការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ ព្រមទាំងបានគោរពតាមគោលការណ៍ បទបញ្ជា និងលក្ខន្តិកៈនៃការប្រកួត ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់។
មានប្រសាសន៍ បិទការប្រកួតពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦នេះ អាចបញ្ជាប់ទៅដោយរលូន និងមានភាពជោគជ័យខ្ពស់បាន គឺកើតចេញពីបទពិសោធ កិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម បានរំលេចផងដែរថា ការរៀបចំការប្រកួតពានរង្វាន់ Soccer League ក្រោមប្រធានបទ «សាមគ្គីភាព ជាតិរឹងមាំ» មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយ ដែលបង្កើតឱ្យមានការជួបជុំ និងការប្រាស្រ័យទាក់ទងគ្នារវាងយុវជន ព្រមទាំងរួមចំណែកពង្រឹងស្មារតីរួបរួមជាតិ និងប្រមូលផ្តុំយុវជនពីគ្រប់ទិសទី ដើម្បីកសាងកម្លាំងមហាសាមគ្គីខ្មែរដ៏រឹងមាំ ព្រោះថាមិត្តភាព សាមគ្គីភាព ការឯកភាព សុខដុមនីយ៍កម្ម ភាពរឹងមាំនៃសង្គមកម្ពុជារបស់យើង ត្រូវតែវិនិយោគ ហ៊ាន លះបង់ចូលរួមចំណែក ហើយកសាងបន្តិចម្ដងៗ ហើយជាប្រចាំ ដើម្បីធានាថាជាតិយើងមានភាពរឹងមាំក្នុងគ្រប់ការលៈទេសៈទាំងអស់។
គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បានដំណើរការអស់រយៈពេលជាងមួយខែ ដោយមានក្រុមបាល់ទាត់ជាច្រើនចូលរួមប្រកួតប្រជែងក្រោមស្មារតីមិត្តភាព យុត្តិធម៌ និងកីឡារស់ក្នុងសន្តិភាព។ ជាលទ្ធផល ក្រុមបាល់ទាត់ សុីប៊ែល អរហ្វសុី បាន ក្លាយជាម្ចាស់ជើងឯក នៃការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ផ្នែកបុរស ខណៈ ផ្នែក នារី បានទៅលើ ក្រុមយុវតីស្ទាំងក្មេងវត្តក្តីចាស់ ៕







