រដ្ឋមន្រ្តីសុខាភិបាល៖ «ផ្តើមពីគ្រូពេទ្យម្នាក់ៗខិតខំឱ្យក្លាយជាធនធានល្អ រចនាសម្ព័ន្ធសុខាភិបាលទាំងមូលនឹងរឹងមាំ និងជាកម្លាំងជំរុញការកែលម្អសុខាភិបាលទាំងមូលឱ្យបានប្រសេីរឡេីង។ ទន្ទឹមនឹងនោះ មូលដ្ឋានសុខាភិបាលល្អ ជាមូលដ្ឋានដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសង្គ្រោះអាយុជីវិត ការពារសេចក្តីថ្លៃថ្នូរអ្នកជំងឺ និងរក្សាបាននូវនិរន្តភាពទំនុកចិត្តពីប្រជាពលរដ្ឋ។»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុង ឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD Day) លើកទី៦ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់សុខភាព ដើម្បីគុណភាពជីវិតឱ្យកាន់តែស្រស់បំព្រង» ដែលប្រព្រឹត្តទៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានផ្តល់អនុសាសន៍ដ៏មានសារៈសំខាន់ ដោយសង្កត់ធ្ងន់លើការបន្តអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការពង្រឹងការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល ព្រមទាំងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដើម្បីឱ្យបុគ្គលិកសុខាភិបាលអាចឆ្លើយតបនឹងការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ស្របតាមទិសដៅកំណែទម្រង់វិស័យសុខាភិបាល និងគោលដៅគ្របដណ្តប់សុខភាពជាសកល។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា ប្រធានគណៈគ្រូពេទ្យកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទិវាឆ្នាំនេះ ដោយចាត់ទុកថា CPD គឺជាយន្តការដ៏សំខាន់ក្នុងការកសាងគ្រូពេទ្យដែលមានចំណេះដឹងទាន់សម័យ សមត្ថភាពវិជ្ជាជីវៈ សុចរិតភាព និងការប្រកាន់ខ្ជាប់ក្រមសីលធម៌ ដើម្បីធានាការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងមនុស្សធម៌។
ឯកឧត្តមប្រធានគណៈគ្រូពេទ្យកម្ពុជា បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងពង្រឹងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានគុណភាព។
ទិវានេះរៀបចំឡើងដោយគណៈគ្រូពេទ្យរាជធានីភ្នំពេញ ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពវិជ្ជាជីវៈ ការរៀនសូត្រពេញមួយជីវិត និងបង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ សាស្រ្តាចារ្យ សមាគម សមាជិកគណៈគ្រូពេទ្យ ចូលរួមផ្ទាល់ ៤០០នាក់ និងតាមប្រព័ន្ធអនឡាញ Zoom ចំនួន ១៣០០នាក់៕







