សិក្ខាកាមជាន់ខ្ពស់កម្រិតប្រធាននាយកដ្ឋានរហូតដល់រដ្ឋលេខាធិការ ព្រមទាំងអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ១៧៤រូប បានបញ្ចប់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រនៃសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» នៅសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា តំណាងធនាគារពិភពលោក ព្រមទាំងសហការី សាស្ត្រាចារ្យ គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូប។

ក្នុងរបាយការណ៍នៃការរៀបចំវគ្គបណ្តុះបណ្តាល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមជាន់ខ្ពស់បានចំនួន៧ ជំនាន់មកហើយ ដែលសិក្ខាកាមចូលរួមគឺជាមន្ត្រីជាន់ខ្ពស់ មកពីក្រសួង ស្ថាប័នថ្នាក់ជាតិ មានមុខតំណែង ចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការឬមុខតំណែងប្រហាក់ប្រហែល និងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ មានមុខតំណែងចាប់ពីអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី-ខេត្ត រហូតដល់ អភិបាលរាជធានី-ខេត្ត។ វគ្គបណ្តុះបណ្ដាលជំនាន់ទី៨ មានសិក្ខាកាមជាន់ខ្ពស់ចំនួន ១៧៩នាក់ ស្រី២៤នាក់ ជាមន្ត្រីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នថ្នាក់ជាតិចំនួន៣២ និងការដ្ឋានកែទម្រង់គន្លឹះទាំង៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ២០រាជធានី-ខេត្ត មានមុខតំណែង ដូចជំនាន់មុនៗដែរ។ ក្នុងនោះសិក្ខាកាមជាន់ខ្ពស់ ដែលជាប់ជាស្ថាពរមានចំនួន ១៧៤នាក់ ស្រី ២៤នាក់ ស្មើនឹង ៩៧,២%។

លោក ANDREAS BERG ភារធារី និងជានាយកផ្នែកកិច្ចការនយោបាយនិងសារពត៌មាន នៃគណៈប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បានបានបង្ហាញភាពរីករាយ ដែលបានឃើញដៃគូសហការ អាចមានភាពជាម្ចាស់ និងបន្តអនុវត្តកម្មវិធីនេះដោយខ្លួនឯងបាន ដោយកន្លងមកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក និងដោយមានការគាំទ្រពីសហភាពអឺរុប និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសរសើចំពោះកិច្ចខំប្រឹងប្រែងសិក្សារៀនសូត្រ ក៏ដូចជាការបំពេញគ្រប់លក្ខខណ្ឌនានារបស់សិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៨ ទាំង ១៧៤នាក់ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គដោយជោគជ័យ  ហើយនេះគឺជាការបោះជំហានមួយទៀតក្នុងការចូលរួមអនុវត្តមូលធនមនុស្ស និងរួមចំណែកដ៏សំខាន់ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្មវិធីបណ្តុះ បណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ឆ្លើយតបនឹងអាទិភាពគន្លឹះទី១ និងស្របតាមទិសដៅនៃការពង្រឹង និងកែទម្រង់ស្ថាប័ន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ។

 គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលទាំង៨ ជំនាន់មានសិក្ខាកាមជាន់ខ្ពស់ ដែលបានចូលរៀនសរុបចំនួន ១,៣៧៨នាក់ ស្រី ២២១នាក់ ក្នុងនោះសិក្ខាកាមជាន់ខ្ពស់ ដែលបានជាប់ជាស្ថាពរមានចំនួន ១,៣៥២នាក់ ស្រី ១៩៤នាក់ ស្មើនឹង ៩៨,១១%។ សូមជម្រាបដែរ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានអនុញ្ញាតជូនតំណាងសិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី៨ ឡើងធ្វើចំណាប់អារម្មណ៍ចំពោះវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៨» ផងដែរ៕