ក្រុមហ៊ុន Cambodia Airways បើកសម្ពោធជើងហោះហើរត្រង់ថ្មី ភ្ជាប់ពីទីក្រុងក្វាងចូវ មកកាន់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ វិស័យអាកាសចរណ៍ និងទេសចរណ៍នៅខេត្តព្រះសីហនុ បានឈានទៅមុខមួយជំហានទៀតហើយ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានប្រកាសបើកសម្ពោធផ្លូវហោះហើរត្រង់ថ្មីសន្លាងមួយ ភ្ជាប់ពីទីក្រុងក្វាងចូវ ប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ។

ពិធីសម្ពោធ និងទទួលស្វាគមន៍ជើងហោះហើរថ្មីនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ស្ថិតក្រោមការដឹកនាំរបស់ ឯកឧត្តម សរ មុន្នី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និងតំណាងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរូបទៀត នៅឯព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុង សង្កាត់រាម ក្រុងកំពង់សោម។

ភ្លាមៗបន្ទាប់ពីយន្តហោះបានចុះចតដោយសុវត្ថិភាព គណៈប្រតិភូ និងក្រុមការងារ បានរៀបចំការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតស្របតាមប្រពៃណីខ្មែរជូនដល់អ្នកដំណើរទាំងអស់។ គួរជម្រាបផងដែរថា នៅក្នុងជើងហោះហើរដំបូង ពីទីក្រុងក្វាងចូវនេះ មានភ្ញៀវទេសចរណ៍ និងអ្នកដំណើរធ្វើដំណើរសរុបចំនួន ១១៤ នាក់ ដែលបង្ហាញពីសញ្ញាវិជ្ជមានខ្លាំងសម្រាប់ការចាប់ផ្តើម។

«ការបើកជើងហោះហើរត្រង់នេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានសេដ្ឋកិច្ចដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនពីទីក្រុងក្វាងចូវ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំរបស់ចិន មកកាន់ខេត្តព្រះសីហនុផងដែរ។»

គួរបញ្ជាក់ផងដែរថា ផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុន Cambodia Airways នឹងក្លាយជាកាតាលីករ ដ៏សំខាន់ក្នុងការ ស្តារ និងជម្រុញកំណើនទេសចរណ៍ នាំយកភ្ញៀវទេសចរចិនដែលមានសក្តានុពលខ្ពស់មកកម្សាន្តតំបន់ឆ្នេរ និងកោះនានារបស់កម្ពុជា។ ពង្រីកការដោះដូរពាណិជ្ជកម្ម ផ្តល់ភាពងាយស្រួលដល់ធុរជន និងអ្នកវិនិយោគក្នុងការធ្វើដំណើរមកពិនិត្យឱកាសរកស៊ីនៅក្នុងខេត្តតំបន់សេដ្ឋកិច្ចពិសេសមួយនេះ។

ការបើកច្រកមេឃថ្មីនេះ គឺជាសក្ខីភាពមួយបង្ហាញពីការងើបឡើងវិញយ៉ាងរឹងមាំនៃវិស័យអាកាសចរណ៍កម្ពុជា និងការត្រៀមខ្លួនរួចជាស្រេចរបស់ខេត្តព្រះសីហនុ ក្នុងការស្វាគមន៍ភ្ញៀវអន្តរជាតិពីគ្រប់ទិសទី៕

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ

រូបភាព ៖ លោក កាន សំអុល