យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បន្តពង្រីកការផ្សព្វផ្សាយដល់សិស្សានុសិស្សជិត ១ពាន់នាក់ នៅអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ក្នុងស្រុកបាកាន

‎​(ពោធិ៍សាត់)៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជូនដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ប្រមាណជិត ១,០០០នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងកសាងភាពស៊ាំដល់យុវជនចំពោះការវាយលុកនៃព័ត៌មានមិនពិត។
‎​ពិធីនេះបានប្រារព្ធឡើងនៅបរិវេណអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីប្រតិភូក្រសួង អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

‎​ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងបរិបទដែលពិភពលោកកំពុងវិវត្តយ៉ាងលឿនទៅរកសង្គមឌីជីថល ព័ត៌មានក្លែងក្លាយបានក្លាយជាហានិភ័យដ៏ធ្ងន់ធ្ងរមួយ ដែលមិនត្រឹមតែបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំភាន់ការយល់ឃើញរបស់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិទៀតផង។ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» មិនមែនគ្រាន់តែជាការអប់រំទូទៅនោះទេ ប៉ុន្តែវាគឺជាការកសាងប្រព័ន្ធការពារខ្លួនតាមរយៈការបង្កើនចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
‎​ឯកឧត្តមបានបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយ សិស្សានុសិស្សទាំងអស់ត្រូវមានភាពវៃឆ្លាតក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយ សូមសួរខ្លួនឯងថា៖
‎​តើព័ត៌មាននេះមកពីណា?
‎​តើមានប្រភពផ្លូវការច្បាស់លាស់ដែរឬទេ?
‎​តើវាផ្តល់ផលប្រយោជន៍ ឬបង្កផលប៉ះពាល់អ្វីខ្លះដល់សង្គម?
‎​ការចេះវិភាគ ត្រិះរិះពិចារណា និងការមិនជឿតាមការល្បួង ឬព័ត៌មានមួលបង្កាច់ គឺជាអាវុធដ៏មុតស្រួចបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។
‎​ក្រសួងព័ត៌មានសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗទាំងអស់នឹងក្លាយជាអ្នកប្រើប្រាស់បណ្តាញសង្គមដែលមានការទទួលខុសត្រូវខ្ពស់ និងជាទូតសុឆន្ទៈក្នុងការនាំយកព័ត៌មានពិតទៅកាន់មិត្តភក្តិ សហគមន៍ និងក្រុមគ្រួសារ ដើម្បីរួមគ្នាបង្កើតសង្គមឌីជីថលមួយដែលមានសុវត្ថិភាព មានភាពថ្លៃថ្នូរ និងពោរពេញដោយចំណេះដឹងពិតប្រាកដ។

‎​លោក ញឹក បានខេង អភិបាលរងខេត្ត
រួមជាមួយតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងសិស្សានុសិស្សបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២។ ពួកគេបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធីការពារខ្លួនពីការបំភាន់ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់​។

‎​លោក ញឹក បានខេងបានលើកឡើងថា ក្នុងយុគសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយមានគ្រប់ទម្រង់ និងបង្កហានិភ័យខ្ពស់ដល់សង្គម។ លោកបានបន្ថែមថា ការយល់ដឹងពីព័ត៌មានពិត ក៏ជាផ្នែកមួយនៃការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យខេត្តមានការអភិវឌ្ឍប្រកបដោយចីរភាព។

‎​សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ។
‎​យុទ្ធនាការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការកសាងភាពធន់ឌីជីថល និងការពារប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចៀសផុតពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ បច្ចុប្បន្ន យុទ្ធនាការនេះកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានី-ខេត្តចំនួន ១២ រួមមាន៖ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត, កែប, កោះកុង និងខេត្តបាត់ដំបង។ យុទ្ធនាការនេះនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយតាមបណ្តាខេត្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៦នេះ៕