អណ្តូងទឹកប្រើដោយប្រព័ន្ធស្វ័យប្រវត្តិសូឡា របស់គម្រោងរេដបូកសំកុស កំពុងជួយឱ្យប្រជាសហគមន៍មានទឹកស្អាតប្រើប្រាស់ និងមិនបាច់ចំណាយថវិការ

អណ្តូងទឹកធំចំនួន២ ស្ថិតនៅភូមិ បាដេស ឃុំ សំរោង ស្រុក ភ្នំក្រវាញខេត្តពោធិ៍សាត់ ដែលផ្តល់ទឹកចំណុះ១ម៉ឺនលីត្រ របស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកភ្នំសំកុស កំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិការហើយ និងពិសេសជាទឹកស្អាតសម្រាប់ប្រើប្រាស់ថែមទៀត។

     អណ្តូងទឹកបែបថ្មីបង្កប់ ដោយបច្ចេកវិទ្យា តាមរយៈគម្រោងរេដបូក (REDD+) បានសាងសង់អណ្តូងទឹកស្អាតដើរដោយប្រព័ន្ធស្វាយប្រវត្តិសូឡា ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធនធានធម្មជាតិ។អណ្តូងទឹកស្អាតចំនួន២កន្លែងនៅភូមិ តាដេសដោយក្នុងនេះមួយបានកសាងឡើងក្នុងឆ្នាំ ២០២៣ និងមួយទៀតកសាងឡើងក្នុងឆ្នាំ ២០២៥។

      តាមរយៈគម្រោងេរដបូកនេះដែរ ដែលកំពុងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅក្នុងតំបន់ជួរភ្នំក្រវាញ អណ្តូងទឹកស្អាតដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន៩៤ អណ្តូង បានផ្តល់សហគមន៍ និងនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស មានចំនួន៦៨អណ្តូង។

   លោក ហឿន សាម៉េត ប្រជាពលរដ្ឋ រស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់ថាអណ្តូងដែលបានតាមរយៈគម្រោងរេដបូកនេះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រើប្រាស់របស់ប្រជាសហគមន៍។វាបានជួយឱ្យមានទឹកស្អាតប្រើប្រាស់មិនជួបការលំបាកទៀតឡើយពិសេសមានទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍។

      លោក បានលើកឡើងថាមានអណ្តូងទឹកប្រើប្រាស់អាចជួយសម្រាលការលំបាកពិសេសនៅរដូវប្រាំងមិនចាំបាច់ត្រូវទិញទឹកប្រើប្រាស់ ឬដើររកទឹកដូចមុនទៀតឡើយគឺមានត្រឹមអណ្តូងទឹកមួយនេះអាចប្រើប្រាស់ច្រើនគ្រួសារ។

        ដោយឡែក អ្នកស្រី ធួន ស្រីអូន បានបញ្ជាក់ប្រាប់ដែរថាទឹកអណ្តូងនេះកំពុងបានជួយមិនត្រឹមតែប្រើប្រាស់ប្រចាំថ្ងៃទេ តែវាបានកំពុងជួយស្រោចដំណាំកសិកម្មខ្លះៗក្បែរផ្ទះ និងពិសេសការចិញ្ចឹមសត្វដោយមិនបាច់ចំណាយថវិការលើការប្រើប្រាស់ទឹកដូចមុនទៀត។

        អ្នកស្រីថា  ក្រោយពេលមានការគាំទ្រសាសង់អណ្តូងទឹកស្អាត នៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានប្រភពទឹកគ្រប់គ្រាន់ និងអនុញ្ញាតឱ្យសហគមន៍អាចពង្រីកការដាំដុះដំណាំ បង្កើនសកម្មភាពកសិកម្ម និងការចិញ្ចឹមសត្វ ដែលជួយបង្កើតប្រាក់ចំណូលបន្ថែមដល់គ្រួសារ។

       លោកសារូ វុធ  ប្រធានសហគមន៍ដៃគូសំរោង បានបញ្ជាក់ថាអណ្តូងទឹកនៅសហគមន៍លោកបានជួយច្រើនទៅការប្រើប្រាស់ទឹក។វាកាត់បន្ថយច្រើនទាំងថវិការ និងក៏ដូចជាជួយលើកស្ទួយជីវភាពប្រជាសហគមន៍។

     លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងតាដេស ក្នុងដែលជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តស្រុកក្រវាញ ខេត្តពោធិ៍សាត់ បានទទួលបានអណ្តូងទឹកខ្នាតធំ ចំណុះ១ម៉ឺនលីត ដើរដោយថាពលពន្លឺព្រះអាទិត្យ ដែល បានផ្តល់ផលប្រយោជន៍ និងការផ្លាស់ប្តូរជាវិជ្ជមាន យ៉ាងធំធេងដល់ក្រុមគ្រួសារអ្នកភូមជាង៦០គ្រួសារ ដែលជាជនជាតិដើមភាតិចព័រ និងជងនៅក្នុងតំបន់ដាច់ស្រយាល។

      លោកថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាដេស បានលើកឡើងថា ប្រជាពលរដ្ឋលែងត្រូវចំណាយថវិកាទិញទឹក ឬចំណាយពេលដើររាប់គីឡូម៉ែត្រ ដើម្បីទៅដងទឹកពីអូរឆ្ងាយៗដូចមុន បន្ទាប់ពីមានអណ្តូងទឹកស្អាត ក្នុងភូមិ។ លើសពីនេះ ប្រជាពលរដ្ឋ មិនចំណាយលើប្រេងឥន្ធនៈ ឬអគ្គិសនីឡើយ នៅពេលអណ្តូទឹក ដើរដោយប្រព័ន្ធដើរដោយថាមពលព្រះអាទិត្យ។

      ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តូងទាំងនេះជួយកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ដូចជាការចំណាយលើប្រេងឥន្ធនៈ ការថែទាំសុខភាព ពញរោះវាបាន ធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ទ្រទ្រង់ដល់ការដាំដុះនិងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ និងលើសពីនេះវាជាថាមពលស្អាតឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដែលមធ្យោបាយនេះ រួមចំណែកដល់យុទ្ធសាស្រ្តប្រែក្លាយសហគមន៍អព្យាក្រឹតកាបូនទៅថ្ងៃអនាគត។ នៅពេលដែលប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ មានជីវភាពរស់នៅ និងអាចបង្ផលកសិកម្មមានភាពល្អប្រសើរ សហគមន៍នឹងកាត់បន្ថយការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ ដែលនេះជាគោលដៅស្នូលនៃកិច្ចការពារព្រៃឈើប្រកបដោយនិរន្តរភាព ដូចជាឆ្លើយតបនឹងសសរសត្តម្ភទី២ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

      សូមបញ្ជាក់ថា គម្រោងរេដបូក (REDD+) គឺជាយន្តការអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងដើម្បី កាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ ពីការសឹករិចរឹល និងបាត់បង់ព្រៃឈើ។ នៅក្នុងប្រទេសកម្ពុជា ថវិកាដែលទទួលបានពីការលក់ឥណទានកាបូន (Carbon Credits) តាមរយៈគម្រោងនេះ ត្រូវបានយកមកប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ ដើម្បីការពារបរិស្ថាន និងការគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន៕