លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកគ្រូ អ្នកគ្រូ នៃសាលាកម្រងព្រៃនប់ ទាំង៧សាលា
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា មកពីបណ្តាសាលារៀន ទាំង៧ក្នុងកម្រងព្រៃនប់
ជំនួបនេះមានគោលបំណងស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងពង្រឹងកិច្ចសហការក្នុងការលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុកបានផ្តល់អនុសាសន៍សំខាន់ៗ ដោយជំរុញឱ្យលោកគ្រូ អ្នកគ្រូ បន្តអនុវត្តវិធីសាស្ត្របង្រៀនទំនើប យកសិស្សជាមជ្ឈមណ្ឌល យកចិត្តទុកដាក់លើសិស្សដែលមានការលំបាក ពង្រឹងការអប់រំសីលធម៌ និងវិន័យ បង្កើនកិច្ចសហការជាមួយអាណាព្យាបាល និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន។
ជាមួយគ្នានេះ លោក អុី ធារិន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សង្គមជាតិ ហើយបានជូនពរលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សទាំងអស់ មានសុខភាពល្អ សេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ប្រភព៖ រដ្ឋបាលស្រុកព្រៃនប់






