ខេត្តព្រះសីហនុរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ដុតបំផ្លាញចោលគ្រឿងញៀននិងសារធាតុផ្សំជាង២តោន
ខេត្តព្រះសីហនុ៖ គ្រឿងញៀនជាង១តោននិងសាធាតុគីមីផ្សំជាង១តោនផង ត្រូវបានដុតកំទេចចោលក្នុងឱកាសប្រារព្ធពិធីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា»ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុក្រោមអធិបតីភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សួស សេរីសួស្ដី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ។
អណ្តាតភ្លើងបានឆាបឆេះកម្ទេចគ្រឿងញៀនទាំងនេះ គឺជាសារព្រមានដ៏មានឥទ្ធិពលទៅកាន់ក្រុមឧក្រិដ្ឋជន និងជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ ក្នុងការលុបបំបាត់គ្រឿងញៀនឱ្យអស់ពីទឹកដីកម្ពុជា នាថ្ងៃអនាគត។
គ្រឿងញៀនដែលដុតបំផ្លាញចោលថ្ងៃនេះវាជាផលនៃបទល្មើសដែលបង្ក្រាបអឹបអូសស្របតាមនីតិវិធីច្បាប់ជាធរមាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសម្តែងនូវការកោតសរសើរចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនធំៗនាពេលកន្លងមក។ ឯកឧត្តមបានបញ្ជាក់ផងដែរថា «ការឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី គឺទាមទារឱ្យមានភាពច្នៃប្រឌិតខ្ពស់ ទាំងការប្រើប្រាស់បច្ចេកវិទ្យា ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ការអប់រំផ្សព្វផ្សាយ និងការកែប្រែស្តារនីតិសម្បទាអ្នកញៀនថ្នាំ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលនៃល្បិចកលថ្មីៗរបស់ឧក្រិដ្ឋជន»។
លោក កាន់ វណ្ណា ស្នងការរងនគរបាលខេត្ត តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សរ រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឡើងរាយការណ៍ជូនអង្គពិធីអំពីលទ្ធផលប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងខេត្តក្នុងឆ្នាំ២០២៦ ។ របាយការណ៍បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងសមត្ថកិច្ចក្នុងការបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក សួស សេរីសួស្ដី បានឡើងអានសារលិខិតដ៏មានអត្ថន័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សារលិខិតនោះបានសង្កត់លើការបំផុសស្មារតីពលរដ្ឋទាំងអស់លើសកលលោក ឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនតាមគ្រប់ទម្រង់រូបភាព មធ្យោបាយ វិធីសាស្រ្ត និងយុតនាការនានា សំដៅធ្វើយ៉ាងណារារាំងទប់ស្កាត់ កាត់បន្ថយឈានទៅការលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់ ចែកចាយ ចរាចរណ៍រាល់ឧក្រិតកម្មគ្រឿងញៀន។
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ

រូបភាព ៖ លោក វុន សុខជា






