អគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្នទទួលជួបសម្តែងការគួរសមឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម UENO Atsushi ក្នុងឱកាសដែល ឯកឧត្តម បញ្ចប់អាណត្តិដ៏ឧត្តុង្គឧត្តមជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបលា ។
ក្នុងកិច្ចជំនួបពិភាក្សា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងឡើងវិញព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជារហូតដល់បច្ចុប្បន្នកាលនេះ ។ ជប៉ុន បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance – ODA) ដោយផ្តោតអាទិភាពក្នុងការផ្តល់ឥណទានសម្បទានស្របតាមយុទ្ធសាស្រ្ត, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានារបស់កម្ពុជា ។ ជាក់ស្តែង, តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ, មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន ៣៩ សម្រាប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីចំនួន ២៥ មានទឹកប្រាក់សរុបចំនួន ៤២២ ១៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ក្នុងនោះ គម្រោង/កម្មវិធីកំពុងដំណើរការសរុបចំនួន ១២ និងគម្រោង/កម្មវិធីបានបញ្ចប់សរុបចំនួន ១៣ ។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម UENO Atsushi ផ្ទាល់ ដែលឯកឧត្តមបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងសម្រេចបានស្នាដៃដ៏ធំនៅក្នុងការបំពេញភារៈកិច្ចជាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិរបស់ឯកឧត្តម UENO Atsushi ចាប់ពីឆ្នាំ ២០២៣ ដល់ដំណាច់ឆ្នាំ ២០២៦ នេះ ។ ក្នុងនោះ, កម្ពុជា ទទួលបានហិរញ្ញប្បទានសរុបចំនួន ២៦ គម្រោង/កម្មវិធី ដែលមានឥណទានសម្បទានសរុបចំនួន ១៤ គម្រោង/កម្មវិធី និងហិរញ្ញប្បទានឥតសំណងសរុបចំនួន ១២ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១ ៦៥២ លានដុល្លារអាម៉េរិក ។ សម្រាប់ឆ្នាំ ២០២៦, ឥណទានសម្បទានសរុបចំនួន ៦ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ៧០០ លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួន ៣ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១១ លានដុល្លារអាម៉េរិក ។ ជាមួយគ្នានេះ, រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់កញ្ចប់ឥណទានសម្បទានថ្មី ចំនួន ១ កម្មវិធីបន្ថែមទៀត មានទឹកប្រាក់ចំនួន ១៨៨ លានដុល្លារអាម៉េរិក ដែលគ្រោងនឹងចុះហត្ថលេខាក្នុងឆ្នាំ ២០២៦ នេះផងដែរ ។
ក្រៅពីឥណទានសម្បទានដែលទទួលបានពីភាគីមិត្តជប៉ុនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា, កម្ពុជា ក៏នៅមានតម្រូវការ និងរៀនសូត្របន្ថែមទៀតពីមិត្តជប៉ុន លើគ្រប់វស័យ ដូចជា ការវិនិយោគ និងការចូលរួមវិនិយោគពីវិស័យឯកជន, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, សេដ្ឋកិច្ចបៃតង, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistcs), សេដ្ឋកិច្ចឌីជីថល, ការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសផ្នែកជំនាញទន់ (Soft Skills) ជាដើម ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ទទួលបាននូវជោគជ័យបន្តទៀតសម្រាប់ការបំពេញភារកិច្ចថ្មីរបស់ឯកឧត្តម ។







