រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយអគ្គនាយកដ្ឋានពន្ធដារ បើកកិច្ចប្រជុំដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ដើម្បីកាត់បន្ថយការកកស្ទះ
ខេត្តព្រះសីហនុ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងមន្ត្រីនៃសាខាពន្ធដារខេត្តជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីគោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពន្លឿនលំហូរឯកសារដែលបានកកស្ទះនៅតាមយន្តការច្រកចេញចូលតែមួយទាំងកម្រិតក្រុង-ស្រុក និងកម្រិតខេត្ត ក៏ដូចជានៅតាមមន្ទីរ-អង្គភាពជំនាញ។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព និងភាពរលូនក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ដោយសារឯកសារកកស្ទះនាពេលកន្លង មកមានកត្តាមួយចំនួនមាន ដូចជា កត្តាមនុស្ស កត្តាច្បាប់ និងកត្តាបច្ចេកទេស ដើម្បីដោះស្រាយលំហូរឯកសារនៅតាមច្រកចេញចូលតែមួយឪ្យបានលឿន ក៏ប៉ុនែ្តអ្វីដែលយើងបានខិតខំដោះស្រាយមិនដូចអ្វីដែលយើងចង់បានក្នុងការ លំហូរឯកសារបានលឿន ឆាប់តាមអ្វីដែលយើងចង់បាននោះទេ ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា គោលបំណងចម្បងនៃជំនួបពិភាក្សានេះ គឺដើម្បីចាប់ដៃគ្នាសហការយ៉ាងជិតស្និទ្ធរវាងសាខាពន្ធដារខេត្ត និងមន្ទីរសុរិយោដីខេត្ត ក្នុងការបង្កើនប្រសិទ្ធភាពនៃការចុះបញ្ជីដីធ្លី និងការប្រមូលចំណូលពន្ធចូលថវិកាជាតិ។ ឯកឧត្តមបានបន្ថែមថា យុទ្ធនាការដោះស្រាយការកកស្ទះឯកសារដីធ្លីនិងពន្ធដារនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជោគជ័យរួចមកហើយនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ហើយពេលនេះកំពុងបន្តអនុវត្តនៅខេត្តព្រះសីហនុ ដើម្បីឱ្យការងារចុះបញ្ជីដីធ្លី និងការប្រមូលទិន្នន័យមានភាពស៊ីចង្វាក់គ្នា ឆ្លើយតបទៅនឹងកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
សម្រាប់ខេត្តព្រះសីហនុ ឯកសារកកស្ទះភាគច្រើនត្រូវបានដោះស្រាយស្ទើរតែអស់ទៅហើយ ប៉ុន្តែចំពោះឯកសារដែលនៅសេសសល់ ឯកឧត្តមបានណែនាំឱ្យមន្ត្រីជំនាញធ្វើការបែងចែកចំណាត់ថ្នាក់បញ្ហាឱ្យបានច្បាស់លាស់ ដែលភាគច្រើនបណ្តាលមកពី៖
• ករណីទី១៖ ម្ចាស់ដី/ម្ចាស់ទ្រព្យមិនបានមកសហការដោះស្រាយ។
• ករណីទី២៖ ម្ចាស់ដីផ្តល់ឯកសារ ឬភស្តុតាងមិនទាន់គ្រប់គ្រាន់តាមច្បាប់កំណត់។
• ករណីទី៣៖ ម្ចាស់ដីមិនស្ថិតនៅក្នុងស្រុក (រស់នៅបរទេស ឬខេត្តផ្សេង) ដែលធ្វើឱ្យពិបាកក្នុងការទាក់ទង។
យើងជាមន្ត្រីបម្រើរាស្ត្រ ត្រូវតែរួមគ្នាធ្វើកិច្ចការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត ដើម្បីកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
ជាលទ្ធផល និងជាទិសដៅដោះស្រាយទៅមុខ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាសេវាកកស្ទះគឺជាការទទួលខុសត្រូវរួមគ្នា។ ហេតុទើបអង្គប្រជុំបានសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដែលរួមមានសមាសភាពមកពី សាខាពន្ធដារខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត យន្តការច្រកចេញចូលតែមួយក្រុង-ស្រុក តំណាងរដ្ឋបាលខេត្ត ក្រុមការងារចម្រុះនេះ មានភារកិច្ចចុះពិនិត្យ តាមដាន និងដោះស្រាយឯកសារដីធ្លីដែលនៅសេសសល់ទាំងឡាយដោយផ្ទាល់ ដើម្បីធានាថា រាល់លំហូរឯកសារ និងការផ្តល់សេវារដ្ឋបាលនៅក្នុងខេត្តព្រះសីហនុ នឹងដំណើរការទៅមុខដោយរលូន ឆាប់រហ័ស ប្រកបដោយតម្លាភាព និងគណនេយ្យភាពខ្ពស់។
អត្ថបទ ៖ ស្រីមុំ
រូបភាព ៖ អ៊ូ ជោត







