អបអរសារទរ! សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ
ខេត្តព្រះសីហនុ៖ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាសទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ដែលនេះជាមោទនភាពដ៏ធំធេង និងឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃវិស័យអប់រំនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។
ភាពជោគជ័យដ៏ត្រចះត្រចង់នៅថ្ងៃនេះ បានធ្វើឱ្យគេនឹកឃើញដល់រូបរាងដំបូងនៃសាលា បឋមសិក្សា ហ៊ុន សែន មិត្តភាព ដែលកាល នោះមានត្រឹមតែអគារសិក្សាសាមញ្ញប៉ុណ្ណោះ ប៉ុន្តែតាមរយៈការចាប់ផ្តើមកសាង និងប្រែ ក្លាយមុខមាត់ជាបន្តបន្ទាប់ សាលារៀននេះបានអភិវឌ្ឍខ្លួនយ៉ាងលឿន ដែលបង្ហាញយ៉ាងច្បាស់ពីទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍខេត្តព្រះសីហនុផង និងការកសាងសង្គមជាតិជារួមផង។
ការអភិវឌ្ឍនេះត្រូវបានមើលឃើញតាមរយៈជ្រុងជ្រោយសំខាន់ៗចំនួនពីរ៖
ជ្រុងទីមួយ៖ មូលដ្ឋានគ្រឹះនៃការរៀបចំទីក្រុង គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់។ ដោយឡែក ដើម្បីឱ្យទីក្រុងមួយមានជីវិតនិងភាពរស់រវើក គឺមិនអាចខ្វះសាលារៀន សម្រាប់បណ្តុះបណ្តាលជំនាញ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចនិងសង្គមបានឡើយ។
ជ្រុងទីពីរ៖ សាលារៀន គឺជាកន្លែងកសាងវប្បធម៌ និងផ្នត់គំនិតរបស់មនុស្ស។ ហេតុនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅក្នុងសាលារៀន គឺជាកត្តាចាំបាច់ដើម្បីធានាដល់ប្រតិបត្តិការកសាងធនធានមនុស្ស ប្រកបដោយសីលធម៌ ទេពកោសល្យ និងចរិយាមាយាទល្អ។
ឈរលើទស្សនវិស័យប្រត្យក្ស និងការមើលឃើញពីភាពប្រទាក់ក្រឡាគ្នារវាងការងាររៀបចំក្រុង និងការរៀបចំសាលារៀនកម្ពុជា ព្រមទាំងក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ រដ្ឋបាលខេត្ត លោកគ្រូ-អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាពិសេសអាណាព្យាបាលសិស្ស បានរួមគ្នាបន្តជ្រោមជ្រែងបន្ថែមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀនជាបន្តបន្ទាប់ សំដៅលើកម្ពស់សេវាសាធារណៈក្នុងវិស័យអប់រំឱ្យកាន់តែប្រសើរឡើង។
គោលបំណងរួមនៃការរៀបចំសាលារៀនកម្ពុជានៅពេលនេះ គឺដើម្បីឱ្យកូនចៅប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវបរិយាកាសអប់រំប្រកបដោយគុណភាព និងក្លាយជាក្តីសង្ឃឹមរបស់ឪពុកម្តាយ។ ការណ៍នេះ ក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវដំណើរវិវឌ្ឍន៍របស់កម្ពុជា ឈានទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខផងដែរ៕
អត្ថបទ៖ ម៉ារ៉ាឌី







