រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សារៀបចំគម្រោងចំណូលថវិការបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៧

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរមតិ ស្ដីពី «ការរៀបចំគម្រោងចំណូលថវិការបស់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៧» ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ាក សំណាង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងឯកឧត្តម អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។

កិច្ចប្រជុំបានពិនិត្យផ្ទៀងផ្ទាត់លើលទ្ធផលនៃការប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ព្រមទាំងពិភាក្សាលើការរៀបចំផែនការគ្រោងចំណូលថវិកាសម្រាប់ឆ្នាំ២០២៧ ខាងមុខ សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការបម្រើឱ្យកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងខេត្តព្រះសីហនុ។

លោកស្រី ម៉ាក សំណាង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ-អង្គភាពជំនាញ ដែលធ្វើឱ្យលទ្ធផលនៃការប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៦ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កន្លងទៅ។

ទន្ទឹមនឹងនេះ លោកស្រីអភិបាលរងខេត្ត ក៏បានជំរុញនិងស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ បង្កើនការខិតខំប្រឹងប្រែងប្រមូលចំណូលឱ្យបានទាន់ពេលវេលា ស្របតាមទិសដៅ បទដ្ឋានគតិយុត្ត និងផែនការដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនាព្រឹកនេះ គឺជាជំហានគន្លឹះដ៏មានសារៈសំខាន់ក្នុងការគ្រោង និងគ្រប់គ្រងថវិកាចំណូលរបស់ខេត្ត ឱ្យមានប្រភពច្បាស់លាស់ ត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវចរន្តថវិកាក្នុងការបម្រើឱ្យផលប្រយោជន៍សាធារណៈ និងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនប្រកបដោយចិរភាព៕

អត្ថបទ៖ ទូច ភារុន

រូបភាព កាន សំអុល