វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS ចុះ MoU ដើម្បីរួមគ្នាអភិវឌ្ឍជំនាញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និងបញ្ញាសិប្បនិម្មិត (AI)

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ហេង ស្រីស អគ្គនាយិកា នៃក្រុមហ៊ុន AI FARM ROBOTICS (AIF ROBOTICS) និងសហការី ព្រមទាំង អញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន AI FARM ROBOTICS នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលជាការបើកទំព័រថ្មីនៃភាពជាដៃគូរវាងស្ថាប័នទាំងពីរ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងសមត្ថភាពខ្ពស់។

អនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់នេះ មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលលើជំនាញស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI ព្រមទាំងសិក្សាលទ្ធភាពរួមគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ (Skill Training Hub) សម្រាប់បម្រើដល់វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ លើសពីនេះ ភាគីទាំងពីរក៏នឹងសហការលើការចុះកម្មសិក្សា ការចែករំលែកការប្រើប្រាស់មន្ទីរពិសោធន៍ និងរោងជាងអនុវត្តជាក់ស្តែង ការរៀបចំទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធរវាងគ្រូបច្ចេកទេស អ្នកជំនាញ និងសិស្សនិស្សិតផងដែរ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្ដល់អនុសាសន៍ណែនាំឱ្យភាគីទាំងពីរពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍជំនាញលើវិស័យស្វ័យប្រវត្តិកម្ម (Automation) រ៉ូបូត (Robotics) ដ្រូន (UAV) និង AI ស្របតាមនិន្នាការបច្ចេកវិទ្យាទំនើប និងតម្រូវការទីផ្សារការងារដែលកំពុងវិវត្ត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន AI FARM ROBOTICS ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI នៅកម្ពុជាផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការតភ្ជាប់កិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងអភិវឌ្ឍធនធានមនុស្សដែលមានជំនាញខ្ពស់ សម្រាប់អនាគតប្រទេសកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ និងលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហការលើការសិក្សាស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍសមត្ថភាពគ្រូបច្ចេកទេស និងបុគ្គលិកជំនាញឱ្យស្របតាមនិន្នាការបច្ចេកវិទ្យាចុងក្រោយ ព្រមទាំងសហការស្រាវជ្រាវបង្កើតនវានុវត្តន៍ថ្មីៗ និងអភិវឌ្ឍសម្ភារៈ ឬឧបករណ៍បច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងប្រទេសជាតិប្រកបដោយចីរភាព។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន AI FARM ROBOTICS បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ដើម្បីអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញស្វ័យប្រវត្តិកម្ម រ៉ូបូត ដ្រូន និង AI ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍឧស្សាហកម្មជំនាន់ថ្មី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជាក្នុងយុគសម័យឌីជីថល៕