ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចុះសួរសុខទុក្ខ និងនាំយករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឧបត្ថម្ភដល់មន្ត្រីនគរបាលជាតិដែលមានជំងឺប្រចាំកាយ នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំមន្ត្រីនគរបាលជាតិក្រោមឱវាទ ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក មួង សាវុធ មន្ត្រីការិយាល័យបច្ចេកទេស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយនៅគេហដ្ឋាន ឋិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការយកចិត្តទុកដាក់ និងមនោសញ្ចេតនាដ៏កក់ក្តៅ នៅក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះលោកអនុសេនីយ៍ឯក មួង សាវុធ និងក្រុមគ្រួសារ។ ជាមួយគ្នានោះដែរ ឯកឧត្តមនាយកមន្ទីរ ក៏បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក និងបានផ្ដាំផ្ញើឱ្យរូបលោកខិតខំថែទាំសុខភាព សម្រាកព្យាបាល និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីឆាប់បានជាសះស្បើយ និងវិលត្រឡប់មកបំពេញការងារជូនអង្គភាពវិញ។
សូមជ្រាបជូនថា ការចុះសួរសុខទុក្ខមន្ត្រីដែលមានជំងឺ ឬជួបការលំបាក គឺជាវប្បធម៌នៃការចែករំលែក និងជាការបង្ហាញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមិនទុកឱ្យមន្ត្រីណាម្នាក់នៅឯកោឡើយ។
ដើម្បីជួយសម្រាលបន្ទុកជីវភាព និងការចំណាយលើការព្យាបាលជំងឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ចំនួន១០លានរៀល ជូនដល់លោក អនុសេនីយ៍ឯក មួង សាវុធ ដើម្បីជួយសម្រួលដល់ការចំណាយលើការព្យាបាលជំងឺ។
លោក មួង សាវុធ និងក្រុមគ្រួសារ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងសហការីទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ មិនបោះបង់ និងផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់មន្ត្រីក្រោមឱវាទគ្រប់ពេលវេលា ជាពិសេសក្នុងគ្រាមានអាសន្ន និងមានជំងឺដង្កាត់បែបនេះ៕







