ប្រធានសមាគមសភាពាណិជ្ជកម្មសេដ្ឋកិច្ច ប៊ុលហ្គារី–អារ៉ាប់ មានបំណងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីសក្តានុពលវិនិយោគ និងឱកាសសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច !
ក្នុងនាមជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ លោក Ahmad M. Alaeddine ប្រធានសមាគមសភាពាណិជ្ជកម្មសេដ្ឋកិច្ច ប៊ុលហ្គារី–អារ៉ាប់ និងបានជម្រាបថា ឯកឧត្តមនឹងសម្របសម្រួល និងជួយរៀបចំជំនួបជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។ ក៏ដូចជាការរៀបចំដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេស និងជួបពាណិជ្ជករកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់អាជីវកម្មរវាងប្រទេសទាំងពីរ ។
ប្រធានសមាគមសភាពាណិជ្ជកម្មសេដ្ឋកិច្ច ប៊ុលហ្គារី–អារ៉ាប់ ក៍មានគម្រោងដឹកនាំគណៈប្រតិភូធុរកិច្ចទៅជាមួយ ដើម្បីសិក្សាពីឱកាសនាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ កាហ្វេ ម្រេច គ្រាប់ស្វាយចន្ទី តែ ម្ទេស និងផលិតផលកែច្នៃផ្សេងៗ។
ភាគីទាំងពីរ បានពិភាក្សាផងដែរ អំពីលទ្ធភាពប្រើប្រាស់ប្រទេសប៊ុលហ្គារីជាច្រកចូលទីផ្សារសហភាពអឺរ៉ុប (EU Gateway) សម្រាប់ផលិតផលកម្ពុជា ជាពិសេសសម្រាប់ទីផ្សារប្រជាជនកម្ពុជានៅអឺរ៉ុប និងអ្នកប្រើប្រាស់អឺរ៉ុបទូទៅ ។
ជំនួបនេះបានបង្ហាញពីឆន្ទៈរួមក្នុងការពង្រឹងការទូតសេដ្ឋកិច្ច (Economic Diplomacy) តាមរយៈការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ វិស័យទេសចរណ៍ និងការតភ្ជាប់វិស័យឯកជនរវាងកម្ពុជា និងប៊ុលហ្គារី ដោយមានស្ថានទូតកម្ពុជានៅទីក្រុងសូហ្វៀជាស្ពានសម្របសម្រួល ដើម្បីបម្លែងឱកាសទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមក ៕







