ឯកឧត្ដម ជា សុមេធី បានទទួលជួប និងពិភាក្សាការងារជាមួយ ឯកឧត្ដម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបឯកឧត្ដម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ស.អ.យ។

កិច្ចពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការនានាពាក់ព័ន្ធ នឹងការងាររបស់ក្រសួង ពិសេសលើគម្រោងរៀបចំការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារសិង្ហបុរី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍវិស័យសង្គមកិច្ច ជំនួយសង្គម ជនមានពិការភាព កិច្ចការគ្រួសារ និងកិច្ចគាំពារកុមារ សម្រាប់រយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្ដម ជា សុមេធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែក លើការអភិវឌ្ឍន៍វិស័យសង្គមកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។