ប្រតិភូក្រសួងព័ត៌មានកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំសារព័ត៌មានតំបន់ និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន
យូណាន, សាធារណរដ្ឋប្រជាមានិតចិន, ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ — ប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃបណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ក្រោមប្រធានបទសម្លឹងឆ្ពោះទៅទិសខាងត្បូងតាមរយៈទស្សនៈនៃទីក្រុង (Looking Southward with Cities as Eyes) ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើន រួមមាន ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃបណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កិច្ចពិភាក្សាអំពីការប្រាប់រឿងរ៉ាវជាតិ កិច្ចប្រជុំតុមូលស្តីពីប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសារព័ត៌មានយូណាន-កម្ពុជា ព្រមទាំងកម្មវិធីផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជន។
កិច្ចប្រជុំប្រចាំឆ្នាំនេះ មិនត្រឹមតែជាវេទិកាវិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់សម្រាប់ការសន្ទនា ការទូតវប្បធម៌ ការយល់ដឹងទៅវិញទៅមក និងការពង្រឹងមិត្តភាពក្នុងតំបន់។ កិច្ចប្រជុំនេះក៏បង្ហាញពីការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសារព័ត៌មាន ការតភ្ជាប់រវាងប្រជាជន និងការជំរុញសន្តិភាព ទំនុកចិត្ត និងវិបុលភាពរួមរវាងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
ខេត្តយូណាន ដែលមានទីតាំងភូមិសាស្ត្រសំខាន់ ប្រវត្តិសាស្ត្រយូរអង្វែង និងភាពសម្បូរបែបវប្បធម៌ បានដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់រវាងប្រទេសចិន ជាមួយបណ្តាប្រទេសនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ចំពោះប្រធានបទ “សម្លឹងឆ្ពោះទៅទិសខាងត្បូង តាមរយៈទស្សនៈនៃទីក្រុង (Looking Southward with Cities as Eyes)” បានបង្ហាញថា ទីក្រុងមិនមែនត្រឹមតែជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែជាសាក្សីរស់នៃវប្បធម៌ នវានុវត្តន៍ ការផ្លាស់ប្តូររវាងប្រជាជន និងក្តីប្រាថ្នារួមរបស់តំបន់សម្រាប់សន្តិភាព វិបុលភាព និងការអភិវឌ្ឍរួម។
ក្នុងឱកាសនេះដែរ ប្រតិភូកម្ពុជា នឹងចូលរួមកិច្ចប្រជុំតុមូលស្តីពីប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ តំណាងទូរទស្សន៍ជាតិកម្ពុជា នឹងចំណាប់អារម្មណ៍អំពីការរួមគ្នានិទានរឿងអាស៊ីក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ដែលឆ្លុះបញ្ចាំងពីតួនាទីសារព័ត៌មានក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីផ្សព្វផ្សាយរឿងរ៉ាវពិត មានគុណតម្លៃ និងមានប្រយោជន៍សម្រាប់ការយល់ដឹងរវាងប្រជាជនក្នុងតំបន់។ ជាមួយគ្នានេះ ប្រតិភូក្រសួងព័ត៌មានក៏បានចូលរួមកិច្ចប្រជុំទ្វេភាគីស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការយូណាន-កម្ពុជា តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរមាតិកា ការផលិតរឿងរ៉ាវរួម ការកសាងសមត្ថភាពឌីជីថល និងការពង្រឹងបណ្តាញវិជ្ជាជីវៈសារព័ត៌មាន។
គណៈប្រតិភូបាននឹងចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការសន្ទនារវាងទីក្រុង ដែលរួមមានសកម្មភាពដាំដើមឈើ Corypha umbraculifera L. និងចូលរួមកម្មវិធីទស្សនា និងសន្ទនាអំពីសម្រស់ទីក្រុង ក្រោមគំនិត “សម្រេចក្តីសុបិនជាមួយគ្នា៖ ផ្ទះសុខដុមរមនា” នៅទីក្រុងជីងហុង ស៊ីស្វាងប៉ាន់ណា។ កម្មវិធីនេះបានផ្តល់ឱកាសសម្រាប់អ្នកចូលរួមស្វែងយល់ពីការរួមរស់ដោយសុខដុមរមនារវាងមនុស្ស វប្បធម៌ ទីក្រុង និងធម្មជាតិ ព្រមទាំងពង្រឹងការផ្លាស់ប្តូរបទពិសោធន៍អំពីទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប្រតិភូកម្ពុជា នឹងបន្តចូលរួមកិច្ចសន្ទនាអភិបាលក្រុងពិភពលោកឆ្នាំ២០២៦ នៅស៊ីស្វាងប៉ាន់ណា ក្រោមប្រធានបទ “ព្រៃត្រូពិច និងផ្ទះ៖ ការរួមរស់នៅជាមួយគ្នា ការស្ថាបនារួមគ្នា និងការចែករំលែកគ្នា”។ កម្មវិធីនេះបានផ្តោតលើការរួមបញ្ចូលគ្នារវាងការអភិរក្សធម្មជាតិ ការអភិវឌ្ឍទីក្រុង ការផ្សព្វផ្សាយទេសចរណ៍ និងការរស់នៅដោយសុខដុមរមនាជាមួយបរិស្ថាន។ ប្រតិភូកម្ពុជា ក៏នឹងចូលរួមពិធីផ្សព្វផ្សាយទេសចរណ៍ ក្រោមប្រធានបទ “មានជីវភាពមួយប្រភេទនៅយូណាន” និងព្រឹត្តិការណ៍សំខាន់នៃវេទិកាដំរីស្តីពីការផ្សព្វផ្សាយអន្តរជាតិលើកទី៥ នៅសណ្ឋាគារ InterContinental ស៊ីស្វាងប៉ាន់ណា។ កម្មវិធីទាំងនេះបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ ធម្មជាតិ ទេសចរណ៍ និងសក្តានុពលនៃការផ្សព្វផ្សាយអន្តរជាតិរបស់យូណាន និងតំបន់ពាក់ព័ន្ធ។
ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជាក្នុងកម្មវិធីនេះ បានបង្ហាញពីការប្តេជ្ញារបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសារព័ត៌មាន និងវប្បធម៌ជាមួយប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ កម្មវិធីនេះក៏ជាឱកាសសំខាន់សម្រាប់កម្ពុជាក្នុងការចែករំលែករឿងរ៉ាវជាតិរបស់ខ្លួន ដែលជារឿងរ៉ាវនៃសន្តិភាព ការអភិវឌ្ឍ ការរក្សាបេតិកភណ្ឌវប្បធម៌ និងការធ្វើទំនើបកម្មវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល។
តាមរយៈកិច្ចប្រជុំ និងកម្មវិធីផ្លាស់ប្តូរនានា ក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការបន្តពង្រឹងភាពជាដៃគូជាមួយបណ្តាញសារព័ត៌មានក្នុងតំបន់ ដើម្បីជំរុញការផ្លាស់ប្តូរមាតិកា ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសីលធម៌ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សារព័ត៌មានដែលមានវិជ្ជាជីវៈ សុចរិតភាព និងការទទួលខុសត្រូវចំពោះសាធារណជន។







