មនុស្ស១២នាក់ស្លាប់ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃដ៏សហាវនៅតែបន្តក្នុងតំបន់ Almeria ប្រទេសអេស្ប៉ាញដោយសារ រលកកំដៅកើនឡើងជាលើកទី៣នៅទ្វីបអឺរ៉ុបដែរ

អ្នកពន្លត់អគ្គីភ័យរាប់រយនាក់ដែលមានការគាំទ្រពីឧទ្ធម្ភាគចក្រ និងយន្តហោះស្លាបថេរ បានតស៊ូដើម្បីរួមគ្នាទប់ស្កាត់ភ្លើងឆេះព្រៃដ៏សាហាវបំផុតមួយក្នុងប្រទេសអេស្ប៉ាញ ដែលបានផ្ទុះឡើងនៅដើមសប្តាហ៍នេះ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់។ ភ្លើងឆេះព្រៃ ក៏បានវាយប្រហារប្រទេសបារាំងដែរនៅសប្តាហ៍នេះដោយវាបានកើតឡើងនៅពេលដែលផ្នែកខ្លះនៃតំបន់អឺរ៉ុបខាងលិចកំពុងប្រឈមមុខនឹងរលកកំដៅជាលើកទី៣ក្នុងរយៈពេល៦សប្តាហ៍នេះ។ អឺរ៉ុបគឺជាទ្វីបមួយដែលមានការឡើងកំដៅលឿនបំផុតរបស់ពិភពលោក ដោយសីតុណ្ហភាពកើនឡើងទ្វេដងលឿនជាងមធ្យមភាគសកលចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០មក នេះបើយោងតាមសេវាកម្មប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប។ នៅ Andalusia របស់ប្រទេសអេស្ប៉ាញ ការរួមបញ្ចូលគ្នានៃខ្យល់បក់ស្រាលៗ និងសំណើមខ្ពស់ក៏ជាហេតុកំពុងជួយដល់ប្រតិបត្តិការក្រុមពន្លត់អគ្គីភ័យដែរ ប៉ុន្តែទំហំនៃភ្លើងឆេះព្រៃនៅតែបង្កបញ្ហាប្រឈម នេះបើយោងតាមសំដីរបស់លោក Antonio Sanz ប្រធានសេវាកម្មសង្គ្រោះបន្ទាន់របស់តំបន់។ រហូតមកដល់ពេលនេះភ្លើងបានឆេះព្រៃ និងដីស្រែចម្ការរាលដាលប្រហែលជា៦៦គីឡូម៉ែត្រការ៉េ ដែលមានទំហំប៉ុនទីក្រុង Manhattan ឯណោះ។ លោក Sanz បាននិយាយថា ភ្លើងឆាបឆេះព្រៃបានដុតបំផ្លាញព្រៃពេញមួយយប់នៅជុំវិញបរិវេណតំបន់នោះ ហើយវាបានផ្ទុះឡើងនៅយប់ថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ពាក់កណ្តាលស្ងួតមួយកន្លែងក្បែរភ្នំ Sierre de Los Filabres ក្នុងខេត្ត Almería ខណៈពេលដែលប្រទេសអេស្ប៉ាញកំពុងមានអាកាសធាតុក្តៅខ្លាំង។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Margarita Robles ដែលបានទៅទស្សនាតំបន់ដែលរងផលប៉ះពាល់នោះផ្ទាល់ បានកោតសរសើរចំពោះការឆ្លើយតបក្នុងគ្រាអាសន្ន និងថ្លែងអំណរគុណដល់អភិបាលក្រុង អ្នកពន្លត់អគ្គីភ័យ ក្រុមគាំទ្រផ្លូវចិត្ត និងបុគ្គលិកផ្សេងទៀតដែលបានប្រថុយជីវិតរបស់ពួកគេដើម្បីការពារប្រជាជនក្នុងតំបន់រងគ្រោះ។ លោកស្រី Robles បាននិយាយថា “មនុស្សគ្រប់គ្នារួបរួមគ្នាប្រឈមមុខនឹងសោកនាដកម្មនេះ។ រឿងទាំងនេះគឺជាអ្វីមួយដែលធ្វើឱ្យប្រទេសមួយអស្ចារ្យដែរ” ដោយបន្ថែមថា៖ ជីវិតជាច្រើនត្រូវបានជួយសង្គ្រោះតាមរយៈភាពក្លាហាន និងចិត្តសប្បុរសរបស់លោកអ្នកដែលពាក់ព័ន្ធនឹងការឆ្លើយតបទាន់ពេលវេលានេះតែម្តង។

សម្រួលអត្ថបទ៖ សុផារិន្ទ