ឯកឧត្តម យក់ ប៊ុនណា អញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធជ័យលាភីអង្គភាពគំរូ ឆ្នាំ២០២៥ ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៥»។
ការអញ្ជើញចូលរួមដឹកនាំបើកសិក្ខាសាលានេះ គឺធ្វើឡើងក្នុងនាមតំណាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ក្នុងគោលបំណងផ្សព្វផ្សាយនូវមេរៀនជោគជ័យ និងយុទ្ធសាស្ត្រគ្រប់គ្រងល្អៗពីអង្គភាពឆ្នើម ទៅកាន់បណ្តាអង្គភាពផ្តល់សេវាសាធារណៈដទៃទៀត។
គោលដៅចម្បងនៃកម្មវិធីប្រកួតប្រជែង និងការចែករំលែកបទពិសោធនេះ គឺដើម្បីពង្រឹងអភិបាលកិច្ច ព្រមទាំងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ ក៏បានរាយការណ៍ជម្រាបជូនអង្គពិធីផងដែរថា អង្គភាពជ័យលាភីក្នុងវិស័យអប់រំ (កម្រិតអនុវិទ្យាល័យ និងបឋមសិក្សា) និងវិស័យសុខាភិបាល (កម្រិតមណ្ឌលសុខភាព) ទាំងនេះ សុទ្ធតែជាអង្គភាពដែលបានសម្រេចនូវសូចនាករជាអតិបរមានៃលក្ខណៈវិនិច្ឆ័យគោលទាំង៨។ ការវាយតម្លៃជ្រើសរើសនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ច្រើនដំណាក់កាល ប្រកបដោយតម្លាភាព សុចរិតភាព និងវិជ្ជាជីវៈខ្ពស់។
តាមរយៈការដឹកនាំបើកសិក្ខាសាលានេះ ក្រសួងមុខងារសាធារណៈរំពឹងថា បទពិសោធល្អៗក្នុងការគ្រប់គ្រង ការកៀរគរ ប្រភពធនធានពីសហគមន៍ ដៃគូអភិវឌ្ឍ និងអាជ្ញាធរដែនដីរបស់អង្គភាពជ័យលាភី នឹងក្លាយជាទុនគំរូដ៏មានតម្លៃសម្រាប់យកទៅអនុវត្តបន្ត ដើម្បីអភិវឌ្ឍសាលារៀន និងមណ្ឌលសុខភាពនៅទូទាំងប្រទេសឱ្យកាន់តែប្រសើរឡើង។







