មនុស្ស២៧នាក់ស្លាប់និងរាប់សិបនាក់របួសពីហេតុការណ៍ភ្លើងឆាបឆេះ Pub កំសាន្តនៅទីក្រុងបាងកក ត្រូវបានលោកនាយករដ្ឋមន្រ្តីថៃ Anutin បញ្ជាក់ថាកំពុងស្ថិតក្រោមការស៊ើបអង្កេត….
មន្ត្រីបាននិយាយថា អគ្គីភ័យដ៏ធំដែលបានឆាបឆេះ Pub កំសាន្តមួយកន្លែងក្នុងទីក្រុងបាងកកនាព្រឹកព្រលឹមថ្ងៃចន្ទនេះបានសម្លាប់មនុស្ស២៧នាក់ និងរបួសរាប់សិបនាក់ដែរ មុនពេលដែលក្រុមពន្លត់អគ្គីភ័យបានទៅដល់និងគ្រប់គ្រងអគ្គីភ័យនោះ។ តាមរយៈរូបភាពវីដេអូដែលបានចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិតបានឲ្យដឹងថា ការជូនដំណឹងដំបូងពីភ្លើងឆាបឆេះ គឺគេបានឃើញផ្សែងហុយចេញពីទ្វារខាងមុខនៃក្លិបយីហោ Na Ladprao (ណាឡាដប្រៅ) នៅភាគខាងជើងនៃរដ្ឋធានីប្រទេសថៃ។ ភ្លាមៗស្រាប់តែមានមនុស្សជាច្រើនព្យាយាមរត់ចេញមកខាក្រៅ ខណៈដែលផ្សែងខ្មៅដ៏ក្រាស់ក៏បានហុយឡើងលើផ្ទៃមេឃភ្លាមៗដែរ។ ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា អគ្គីភ័យត្រូវបានរាយការណ៍ប្រាប់នៅវេលាម៉ោងប្រហែលជាពាក់កណ្តាលអធ្រាត្រ ហើយពួកគេក៏បានទៅកាន់ទៅនោះដើម្បីសង្រ្គោះ ប៉ុន្តែហាក់យឺតពេលបន្តិច ព្រោះភ្លើងឆាបឆេះខ្លាំងនិងលឿនបំផុត ដោយសារឆាកតន្រ្តីនោះសំបូរទៅខ្សែភ្លើង និងគ្រឿងបង្គុំអគ្គិសនីជាច្រើន ដែលងាយនឹងឆេះលឿន។ បន្ទាប់ពីកើតហេតុលោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា មនុស្ស ២៧នាក់បានស្លាប់ ប៉ុន្តែលោកបាននិយាយទៀតថា មូលហេតុនៃអគ្គីភ័យឆាបឆេះឡើងកំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោក Anutin បាននិយាយថា តន្ត្រីករម្នាក់ដែលកំពុងសម្តែងនៅក្នុងក្លិបនោះបានប្រាប់លោកថា លោកបានឃើញផ្សែងហុយចេញពីឧបករណ៍បំបែកសៀគ្វីនៅជិតឆាកតន្រ្តី មុនពេលអគ្គិសនីដាច់ បន្ទាប់មកវាក៏ផ្ទុះលាន់ឮយ៉ាងខ្លាំងតែម្តង ហើយផ្សែងក្រាស់បានហុយពាសពេញឆាកតន្រ្តីនោះយ៉ាងឆាប់រហ័សដែរ។ លោក Anutin បានបន្ថែមថា ជនរងគ្រោះជាច្រើនត្រូវបានគេរកឃើញនៅបន្ទប់ទឹកនៅខាងក្រោយក្លិបកំសាន្តនោះ ហាក់ដូចពួកគេមិនអាចរត់ចេញមកខាងក្រៅបានដោយខ្លួនឯង៕
សម្រួលអត្ថបទ៖ សុផារិន្ទ






