ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាត់ទុកនិវត្តជនក្រសួងការបរទេស គឺជាធនធានមនុស្សដ៏មានតម្លៃ ដែលបទពិសោធន៍ ចំណេះដឹង និងសីលធម៌ការងារ គឺជាលំអានសម្រាប់បន្តអនុវត្ត ជាមូលដ្ឋានសម្រាប់ការកែលំអ និងអភិវឌ្ឍបន្ថែមរបស់អ្នកស្នងវេនជំនាន់ថ្មី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកនិវត្តជនរបស់ក្រសួងការបរទេស គឺជាធនធានមនុស្សដ៏មានតម្លៃ ជាសាក្សីរស់ និងជាតួអង្គក្នុងប្រវត្តិសាស្រ្តនៃដំណើរការរបស់ក្រសួងការបរទេស ៤៧ ឆ្នាំ ក្រោយពីការដួលរលំនៃរបស់ប្រល័យពូជសាសន៍ខ្មែរក្រហម ហេីយបទពិសោធន៍ ចំណេះដឹង និងសីលធម៌ការងាររបស់អ្នកជំនាន់ចាស់គឺជាលំអានសម្រាប់បន្តអនុវត្ត ជាមូលដ្ឋានសម្រាប់ការកែលំអ និងអភិវឌ្ឍបន្ថែមរបស់អ្នកស្នងវេនជំនាន់ថ្មី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជេីញ
ជួបសំណេះសំណាល និងអាហារពេលល្ងាចជូននិវត្តជន នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ នាសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រសាសន៍បន្តថា កម្មវិធីជួបសំណេះសំណាលនាពេលនេះ មានគោលដៅបង្ហាញនូវការទទួលស្គាល់ពីការខិតខំ តស៊ូរួមចំណែកដ៏សំខាន់របស់និវត្តជន ក្នុងការជួយអភិវឌ្ឍក្រសួង ក៏ដូចជាបម្រើឧត្តមប្រយោជន៍ជាតិ ដែលរួមមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមជាតិកម្ពុជា តាំងពីក្នុងកាលៈទេសៈដ៏លំបាកបំផុត។ អាហារស្និទស្នាលពេលល្ងាចនេះ គឺជាឱកាសសម្រាប់ការសួរសុខទុក្ខគ្នា រំលឹកនូវអនុស្សាវរីយ៍ទាំងឡាយក្នុងជីវិតការងារកន្លងមក ហើយពង្រឹងឡើងវិញនូវទំនាក់ទំនង និងសាមគ្គីភាពជាភាតរៈជាមួយគ្នា។ ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រ ប្រាកដនិយម និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលតែងចាត់ទុក «មន្ត្រីរាជការគ្រប់ជំនាន់ ជាពិសេសនិវត្តជន ជាធនធានដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន» ។ សម្តេចតេជោ ណែនាំយ៉ាងត្រឹមត្រូវថា និវត្តជនទាំងអស់ គួរតែទទួលបាននូវការយកចិត្តទុកដាក់ពីអ្នកជំនាន់ក្រោយ ក្នុងនាមជាបុព្វការីជន ជាប្រភពនៃបទពិសោធន៍ និងប្រាជ្ញាដ៏មានតម្លៃ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ចាក់បន្ថែមថា កម្មវិធីសំណេះសំណាលនេះ មិនត្រឹមតែជាការជួបជុំប្រកបដោយភាពស្និទ្ធស្នាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវវប្បធម៌នៃការដឹងគុណ ការគោរព និងការរក្សាចំណងទាក់ទងរវាងអតីតកាល បច្ចុប្បន្ន និងអនាគត ដែលជាតម្លៃដ៏ល្អប្រពៃ និងមានសារៈសំខាន់សម្រាប់និរន្តរភាព និងភាពរឹងមាំរបស់ក្រសួង៕







