សាលារៀនសុវណ្ណភូមិពង្រឹងស្មារតីសិស្សនៅមុនប្រឡងបាក់ឌុប ក្រោមប្រធានបទ «សាលារៀនសុវណ្ណភូមិរួមគ្នាដើម្បីសិស្សនិទ្ទេស A»
ថ្នាក់ដឹកនាំ បុគ្គលិក សិក្សា នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប (NTC Group) និងសាស្រ្តាចារ្យអ្នកជំនាញដែលមានបទពិសោធន៍ទៅលើការបណ្តុះបណ្តាលជាច្រើនឆ្នាំ សាលារៀនសុវណ្ណភូមិ បានរៀបចំកម្មវិធីជួបជុំដ៏ធំមួយក្រោមប្រធានបទ «សាលារៀនសុវណ្ណភូមិរួមគ្នាដើម្បីសិស្សនិទ្ទេស A» ក្នុងគោលបំណងលើកទឹកចិត្ត ណែនាំគន្លឹះ និងត្រៀមលក្ខណៈផ្លូវកាយផ្លូវចិត្តជូនដល់សិស្សានុសិស្សថ្នាក់ទី១២ គ្រប់សាខាទូទាំងប្រទេស មុនពេលឈានជើងចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធីបតីភាព លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងអគ្គនាយក អ៊ិន ធី ស៊ី គ្រុប និងលោកជំទាវ យូ ឃីម ធីឡាយ និងដោយមានការ ចូលរួមពី នាយកប្រតិបត្តិក្រុមហ៊ុន អ៊ិន ធី ស៊ី គ្រុប ថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ សិស្សានុសសិស្ស ជាច្រើនរួប។
លោកឧកញ៉ា ជា ធីឡាយ បានសម្ដែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកអប់រំ ឬ «មាតាបិតាទីពីរ» សិស្ស ដោយបានសង្កត់ធ្ងន់ទៅលើការថែរក្សាសុខភាព ការសម្រាកឱ្យបានគ្រប់គ្រាន់ និងការកសាងជំនឿចិត្ត។ លើសពីនេះ លោក ឧកញ៉ា ក៏បានចែករំលែកនូវយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ការអានសំណួរឱ្យគ្រប់ជ្រុងជ្រោយ ការជ្រើសរើសធ្វើលំហាត់ដែលចេះមុនដើម្បីកាត់បន្ថយសម្ពាធអារម្មណ៍ និងការហាត់ធ្វើវិញ្ញាសាចាស់ៗឡើងវិញក្នុងរយៈពេលមួយខែចុងក្រោយនេះ។
ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរ លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងអគ្គនាយក អ៊ិន ធី ស៊ី គ្រុប បានចែករំលែកនូវដំបូន្មាន និងបច្ចេកទេសសំខាន់ៗចំនួន ៤ ចំណុច៖ ទី១ ការថែទាំសុខភាព៖ ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលមានអនាម័យក្នុងកម្រិតល្មម និងរក្សាទម្លាប់ដេក-ក្រោកឱ្យទៀងពេល ដើម្បីការពារកុំឱ្យមានបញ្ហាសុខភាពនៅថ្ងៃប្រឡង។ ទី២ ការត្រៀមលក្ខណៈផ្លូវចិត្ត៖ ការបន់ស្រន់តាមបែបសាសនា គឺជារឿងល្អក្នុងការជួយពង្រឹង «ជំនឿចិត្ត» កុំឱ្យភ័យខ្លាច ប៉ុន្តែលទ្ធផលពិតប្រាកដគឺស្ថិតនៅលើសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ខ្លួនឯងផ្ទាល់ ដោយត្រូវផ្ដោតលើការហាត់ធ្វើវិញ្ញាសាចាស់ៗឡើងវិញក្នុងរយៈពេល ១ ខែចុងក្រោយនេះ។ ទី៣ យុទ្ធសាស្ត្រធ្វើវិញ្ញាសា៖ ពេលចូលក្នុងបន្ទប់ប្រឡង ត្រូវអានសំណួរឱ្យបានគ្រប់ជ្រុងជ្រោយ។ ត្រូវជ្រើសរើសធ្វើលំហាត់ ឬសំណួរដែលចេះមុន ដើម្បីជម្រុញខួរក្បាលឱ្យដំណើរការល្អ និងកាត់បន្ថយសម្ពាធ ជៀសវាងការចំណាយពេលគិតតែសំណួរពិបាករហូតដល់អស់ម៉ោង។ ចំពោះសំណួរជ្រើសរើស មិនត្រូវទុកចន្លោះទំនេរឡើយ។ និងទី៤ ភាពហ្មត់ចត់៖ ទោះបីជាធ្វើវិញ្ញាសារួចមុនម៉ោង ក៏មិនត្រូវប្រញាប់ប្រគល់ក្រដាសកិច្ចការដែរ ត្រូវប្រើពេលវេលាដែលសល់ផ្ទៀងផ្ទាត់ឡើងវិញឱ្យបានល្អ ដើម្បីដណ្តើមយកនិទ្ទេស A។
សូមជម្រាបជូនថា សិស្សសាលារៀនសុវណ្ណភូមិ បានការបំបែកកំណត់ត្រា៥ឆ្នាំជាប់ៗគ្នា ដែលបានធ្វើឱ្យសាលារៀនសុវណ្ណភូមិក្លាយខ្លួនទៅជាស្ថាប័នអប់រំឈានមុខគេនៅកម្ពុជា ដោយសិស្សានុសិស្សនៃសាលារៀនសុវណ្ណភូមិទទួលនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលឆ្នាំ២០២៥ បានក្លាយជាឆ្នាំមាសសម្រាប់សាលារៀនសុវណ្ណភូមិ ដោយមានសិស្សម្នាក់ទទួលបានពិន្ទុ ១០០% នៅលើគ្រប់វិញ្ញាសាប្រឡងទាំងអស់បានធ្វើឱ្យរូបគេក្លាយជាអ្នកជាប់លេខ១នៅទូទាំងប្រទេស៕







