ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងរបៀបរបបបំពេញការងារ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំតូច ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី លោក ឯម ភាព អភិបាលខេត្តស្តីទី ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ចំនួន ១៨រូបបន្ថែមទៀត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ពង្រឹងយន្តការការងារ ដើម្បីតម្រង់ទិស និងរំលឹកឡើងវិញនូវតួនាទី ភារកិច្ច ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការថ្នាក់ដឹកនាំខេត្ត។ លើកកម្ពស់ប្រសិទ្ធភាពជម្រុញការអនុវត្តការងារឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរបៀបរបបធ្វើការងារឱ្យមានភាពរលូន រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តក៏បានផ្តល់អនុសាសន៍ និងណែនាំដល់សមាជិកអង្គប្រជុំទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការយកខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ទៅអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

អត្ថបទ៖ ស្រីភួង






