កញ្ញា សុខគា គឹមលាង ត្រូវបានជ្រើសរើសជាបវរកញ្ញា Miss International Cambodia 2026 ត្រៀមនាំយកសម្រស់ វប្បធម៌ និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិនៅប្រទេសជប៉ុន

ភ្នំពេញ៖ កញ្ញា សុខគា គឹមលាង (Sokea Kimleang) Kon Ant ត្រូវបានជ្រើសរើសតែងតាំងជាបវរកញ្ញា Miss International Cambodia 2026 ដែលរៀបចំឡើងដោយក្រុមហ៊ុន CSNJ Jewellery ដើម្បីធ្វើជាតំណាងដ៏មានកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួត Miss International នៅប្រទេសជប៉ុន។ ការតែងតាំងនេះ គឺជាមោទនភាពមួយសម្រាប់កម្ពុជា និងជាឱកាសដ៏មានតម្លៃក្នុងការផ្សព្វផ្សាយអំពីសម្រស់ វប្បធម៌ អត្តសញ្ញាណជាតិ និងសក្តានុពលទេសចរណ៍របស់ប្រទេសទៅកាន់ពិភពលោក។

ពិធីបំពាក់ម្កុដបវរកញ្ញា Miss International Cambodia 2026 ដល់កញ្ញា សុខគា គឹមលាង (Kon Ant) បានធ្វើឡើងនៅយប់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នាសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ ក្រោមវត្តមាន លោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងវត្តមាន កញ្ញា Catalina Duque Abreu បវរកញ្ញា Miss International 2025 ។

បន្ទាប់ពីពិធីបំពាក់ម្កុដជាផ្លូវការក្នុងនាមជាបវរកញ្ញា Miss International Cambodia 2026 កញ្ញា សុខគា គឹមលាង (Kon Ant) នឹងត្រូវតំណាងកម្ពុជាទៅចូលរួមប្រកួតបវរកញ្ញា Miss International នៅប្រទេសជប៉ុន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ការចូលរួមក្នុងកម្មវិធីប្រកួតលំដាប់អន្តរជាតិមួយនេះ មិនត្រឹមតែជាការប្រកួតប្រជែងផ្នែកសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាការទូតវប្បធម៌ ដែលអនុញ្ញាតឱ្យបេក្ខភាពនីមួយៗបង្ហាញពីបេតិកភណ្ឌ ប្រពៃណី សិល្បៈ ទំនៀមទម្លាប់ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្លួន។ សម្រាប់កម្ពុជា វេទិកានេះជាឱកាសដ៏សំខាន់ក្នុងការបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាមិនត្រឹមតែមានប្រាសាទបុរាណដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានធនធានទេសចរណ៍ធម្មជាតិ វប្បធម៌ ម្ហូបអាហារ និងបដិសណ្ឋារកិច្ចដ៏ទាក់ទាញផងដែរ។

តាមរយៈបេសកកម្មរបស់កញ្ញា សុខគា គឹមលាង រូបភាពកម្ពុជាត្រូវបានរំពឹងថានឹងកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ ជួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ វិនិយោគិន និងមិត្តភក្តិអន្តរជាតិឱ្យស្គាល់កម្ពុជាកាន់តែច្បាស់។ ការផ្សព្វផ្សាយប្រទេសតាមរយៈវេទិកាបវរកញ្ញាអន្តរជាតិ ក៏ជាផ្នែកមួយនៃការលើកកម្ពស់ «Soft Power» របស់កម្ពុជា ដែលរួមចំណែកជំរុញកំណើនវិស័យទេសចរណ៍ វប្បធម៌ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានសំដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះកញ្ញា សុខគា គឹមលាង ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាព និងបង្ហាញពីទេពកោសល្យ ភាពជឿជាក់ និងគុណតម្លៃដ៏ល្អប្រពៃ រហូតទទួលបានទំនុកចិត្តក្នុងការក្លាយជាតំណាងប្រទេសកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា បានគូសបញ្ជាក់ថា៖«ការបំពាក់ម្កុដនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រគល់តួនាទី ឬកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាការប្រគល់ទំនួលខុសត្រូវដ៏ធំធេង ក្នុងនាមសិល្បការិនីតំណាងឱ្យជាតិ វប្បធម៌ អត្តសញ្ញាណ និងភាពថ្លៃថ្នូររបស់ស្ត្រីកម្ពុជានៅលើឆាកអន្តរជាតិ»។

លោកជំទាវប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនថា៖«ក្នុងយុគសម័យសាកលភាវូបនីយកម្ម បវរកញ្ញាមិនត្រឹមតែមានសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹង បុគ្គលិកលក្ខណៈល្អ សមត្ថភាពក្នុងការទំនាក់ទំនង ស្មារតីសង្គម និងសមត្ថភាពក្នុងការបំផុសគំនិតវិជ្ជមានដល់យុវជន និងសង្គមទាំងមូល។ នាងខ្ញុំជឿជាក់ថា កញ្ញា សុខគា គឹមលាង នឹងអាចបំពេញតួនាទីនេះបានយ៉ាងល្អ និងនាំយកភាពថ្លៃថ្នូររបស់កម្ពុជាទៅកាន់ពិភពលោក»។

លោកឧកញ៉ា ចិន សំណាង អគ្គនាយកហាងពេជ្រ CSNJ បានជម្រាបជូនថា លោកបានទិញអាជ្ញាប័ណ្ណ (License) Miss International Cambodia 2026 នេះដោយផ្ទាល់ខ្លួន និងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ដើម្បីជំរុញវិស័យនេះឱ្យមានស្តង់ដារ និងមានឱកាសឈ្នះខ្ពស់ ព្រោះលោកមានក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តខ្ពស់ចំពោះវិស័យបវរកញ្ញា។

តាមរយៈនេះ លោកឧកញ៉ាបាននាំយកគ្រូបង្វឹកមកពីបរទេសឥណ្ឌា ២នាក់ និងហ្វីលីពីន ៥នាក់ ដើម្បីជួយបង្ហាត់បង្រៀនបន្ថែមដល់កញ្ញា សុខគា គឹមលាង ផងដែរ ខណៈដែលលោកឿកញ៉ា បានអំពាវនាវដល់ស្ថាប័ន និងបងប្អូនទាំងអស់ ឱ្យមករួបរួមគ្នាដើម្បីភាពជោគជ័យនៃជាតិសាសន៍របស់កម្ពុជាយើង។ លោកមានគម្រោងជ្រើសរើស និងត្រៀមលក្ខណៈបេក្ខជនដែលមានសមត្ថភាព និងការតស៊ូទុកជាមុនឱ្យបាន ១ ទៅ ២ឆ្នាំ សម្រាប់ការប្រកួតឆ្នាំក្រោយៗទៀត។

ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកគាំទ្រវិស័យបវរកញ្ញា បានសម្តែងក្តីសង្ឃឹមថា កញ្ញា សុខគា គឹមលាង នឹងបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយទំនុកចិត្ត បញ្ញា និងសមត្ថភាព ដើម្បីនាំយកកិត្យានុភាពជូនជាតិ និងផ្សព្វផ្សាយភាពស្រស់ស្អាតនៃកម្ពុជា ឱ្យពិភពលោកបានស្គាល់កាន់តែទូលំទូលាយ៕