ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អំឡុងអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះ និងខិតខំដាំដុះដំណាំប្រកបដោយសោភ័ណភាព រួមជាមួយការរៀបចំមុខរបរលក់ដូរតាមខ្នងផ្ទះ។
បន្ទាប់ពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តអញ្ជើញត្រួតពិនិត្យដំណើរការបន្តសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែមសម្រាប់ប្រជាពលរដ្ឋភៀសសឹកនៅភូមិខាងលើផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងថា ចំពោះការសាងសង់ផ្ទះបណ្តោះអាសន្ននេះ ធ្វើឡើងនៅបរិវេណជិតនឹងផ្ទះបណ្តោះអាសន្នចំនួន ប្រមាណ៣ពាន់ខ្នង ដែលមានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាល បានស្ថាបនា និងរៀបចំរួចរាល់ ដូចជា ផ្លូវ ការតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត ការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គិសនី មណ្ឌលសុខភាព ស្នាក់ការភូមិ ស្នាក់ការក្រុមការងារខេត្ត សាលារៀនបណ្តោះអាសន្ន និងផ្សារបណ្តោះអាសន្ន។
ទន្ទឹមនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលទៅលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានស្ថាបនារួចរាល់ជាច្រើនជូនប្រជាពលរដ្ឋភៀសសឹក បានក្លាយជាភូមិដ្ឋានមួយដែលប្រសិទ្ធនាម ជាភូមិរង់ចាំ ដែលមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។
ក្រៅពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កេតឃើញ មានមហាជន និង សប្បុរសជនគ្រប់ទិសទី បានបន្តរួមចំណែកចូលរួមជួយជាអំណោយផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និង សមរភូមិក្រោយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹក បន្តជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តដោះស្រាយការលំបាកទាំងឡាយជូនប្រជាពលរដ្ឋ និងបន្តទាមទារការបាត់បង់ និងការខូចខាតទាំងអស់ ក្នុងជម្លោះព្រំដែន។
សូមជម្រាបថា ខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋសរុបដែលត្រូវស្នាក់នៅផ្ទះបណ្តោះអាសន្នចំនួន ៣,៣១៨គ្រួសារ ក្នុងនោះប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នមានចំនួន ២,៨០៥គ្រួសារ ខណៈផ្ទះបណ្តោះអាសន្នរាប់រយខ្នងទៀតបានសាងសង់ជិតរួចរាល់ និងកំពុងបន្តដំណើរការសាងសង់៕







