ខេត្តក្វាងស៊ីប្រទេសចិនរងគ្រោះជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ រួមជាមួយនឹងជំនន់អាងស្តុកទឹកដែលបាក់ដោយសារកម្លាំងព្យុះ ទិហ្វុង Maysak បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់
ការជម្លៀសមនុស្សនៅតែបន្តនៅក្នុងតំបន់ក្វាងស៊ីរបស់ប្រទេសចិន ដែលជាកន្លែងជន់លិចដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ និងពន្លិចទីក្រុងនានា ធ្វើឱ្យប្រជាជនជាប់គាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាងការរំពឹងទុកផលប៉ះពាល់នៃព្យុះត្រូពិច។ មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារផ្នែកខ្លះនៃខេត្តក្វាងស៊ីចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ដោយនាំមកទឹកភ្លៀងសរុបពី១០ទៅ៤០សង់ទីម៉ែត្រនៅតំបន់ខ្លះ និងជាង៩០សង់ទីម៉ែត្រនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង។ អាងស្តុកទឹកអាយុកាលជាង៦៦ឆ្នាំមួយ ត្រូវបាក់ហៀរហូរទឹកចេញ បន្ទាប់ពីវាត្រូវព្យុះត្រូពិច Maysak វាយប្រហារតំបន់ក្វាងស៊ីភាគអាគ្នេយ៍ ដោយបានបញ្ជូនទឹកហូរទាំងក្នុងអាង និងលាយលំជាមួយទឹកភ្លៀងចូលទៅក្នុងតំបន់ទីប្រជុំជន និងជនបទ។ មកដល់ពេលនេះរកឃើញមនុស្សស្លាប់៦នាក់ និងមនុស្សប្រហែលជា ១៣០.០០០ នាក់ត្រូវបានជម្លៀសចេញ។យោងតាមការិយាល័យឃោសនាការនៃតំបន់ក្វាងស៊ីបញ្ជាក់ថាមានមនុស្សជាង៨.០០០នាក់ និងទូកប្រហែលជា ៥.៧០០ គ្រឿងត្រូវបានគេដាក់ពង្រាយក្នុងប្រតិបត្តិការជួយសង្គ្រោះមនុស្សតាមដែលអាចធ្វើទៅបាន៕

សម្រួលអត្ថបទ៖ សុផារិន្ទ





