ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ៖​ ការគាំទ្ររបស់ប្រទេសចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន​

ខេត្តស្វាយរៀង៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីន» នៅស្រុករមាសហែក ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម សែម រតនា អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលរក្សាសន្តិភាព។

ថ្លែងក្នុងពិធី ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយសកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏សំខាន់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រែក្លាយដីដែលរងផលប៉ះពាល់ដោយសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងការអភិវឌ្ឍ។

ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកសាង និងថែរក្សាសន្តិភាព សន្តិសុខ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដោយប្តេជ្ញាធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងរស់នៅដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តមបានបន្តថា គម្រោងនេះបានបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ជាង ៣លានម៉ែត្រការ៉េ ប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព បង្កបង្កេីនផល និងការ​អភិវឌ្ឍ​ ព្រមទាំងរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ ​លើកកម្ពស់ការយល់ដឹងអំពីហានិភ័យគ្រាប់មីន និងកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍។

ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌។ ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិន មិនត្រឹមតែជាសក្ខីភាពនៃចំណងមិត្តភាព​ដែកថែប​ និង​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។