រអិលបាក់ដីនៅប្រទេសចិនសម្លាប់អ្នកដើរល្បាតព្រៃ២១នាក់! ចំណែករអិលបាក់ដីនៅបង់ក្លាដែសវិញសម្លាប់ជនភៀសខ្លួន Rohingya ៨នាក់

ហេតុការរអិលបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភូមិ Renzang ក្នុងខេត្ត Gansu ប្រទេសចិនធ្វើឱ្យកម្មករព្រៃឈើចំនួន ៣៣ នាក់មកពីស្ថានីយ៍ទូទៅព្រៃឈើ Minjiang បានជាប់គាំងខណៈពេលកំពុងដើរឆ្លងកាត់ភូមិដើម្បីអនុវត្តការងារថែទាំព្រៃឈើ។ ចំនួនមនុស្សស្លាប់ដោយសារហេតុការរអិលបាក់ដីនៅភាគពាយ័ព្យប្រទេសចិនបានកើនឡើងដល់ ២១ នាក់ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃពុធនេះ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះនៅកន្លែងកើតហេតុ។ ការរអិលបាក់ដីនេះមានបណ្តោយប្រហែល ១៣០ ម៉ែត្រ ទទឹង៤០ម៉ែត្រ និងជម្រៅប្រហែល២ម៉ែត្រ គ្របដណ្តប់លើផ្ទៃដីប្រហែល ៥.៤០០ ម៉ែត្រការ៉េ។ កម្ទេចកម្ទីដែលប្រមូលផ្តុំត្រូវបានប៉ាន់ប្រមាណថាមានកម្រាស់ពី៨ ទៅ១០ ម៉ែត្រ ដែលមានបរិមាណសរុបប្រហែល ១០.០០០ ម៉ែត្រគូបឯណោះ។ វាត្រូវបានគេកំណត់ថាជាការរអិលបាក់ដីរាក់ៗដែលពាក់ព័ន្ធនឹងដីល្បាប់លើផ្ទៃដីដែលប្រមូលផ្តុំ។ ការវាយតម្លៃបឋមបង្ហាញថាគ្រោះមហន្តរាយនេះត្រូវបានបង្កឡើងដោយការរួមបញ្ចូលគ្នានៃដីចំណោតនៃភូគព្ភសាស្ត្រជាក់លាក់មួយ និងសំណឹកដីក្នុងតំបន់នោះ។ តំបន់ដែលរងផលប៉ះពាល់មានទំហំតូច ហើយមិនសូវមានអ្នកស្រុករស់នៅខាងក្នុងឬជុំវិញតំបន់បាក់ដីនោះទេ។ ចំណែកស្ថិតក្នុងស្ថានភាពភ្លៀងធ្លាក់ខ្លាំងនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែសវិញ ក៏មានហេតុការណ៍រអិលបាក់ដីតិចតួចដែរ ដោយបានសម្លាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៨នាក់ រួមទាំងកុមារ៥នាក់ នៅក្នុងតំបន់ Cox’s Bazar។ លោក Dollar Tripura មន្ត្រីសេវាពន្លត់អគ្គីភ័យ និងការពារជនស៊ីវិលនៅក្នុងស្រុក Cox’s Bazar បាននិយាយថា កុមារ២នាក់ទៀតត្រូវបានគេរកឃើញថាមានរងរបួស។ លោកនិយាយថាហេតុការរអិលបាក់ដីបានវាយប្រហារយ៉ាងហោចណាស់៤ទីតាំងនៅទូទាំងជំរំជនភៀសខ្លួន ដោយកប់ជម្រកពួកគេស្ថិតនៅក្រោមល្បាក់ភក់ និងកម្ទេចកម្ទីនៅពេលដែលអ្នកស្រុកកំពុងដេកលង់លក់។ លោក Anwarul Islam ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងជំរំបាននិយាយថាពួកគេពិតជាភ័យខ្លាចខ្លាំងណាស់ពេលរដូវរដូវវស្សាឈានចូលមកដល់ម្តងៗ ពួកគេស្ទើរតែមិនបានដេកទេ។ មានជនភៀសខ្លួនជាង១ លាននាក់ដែលបានភៀសខ្លួនចេញពីប្រទេសជិតខាងមីយ៉ាន់ម៉ារស់នៅក្នុងជំរំនៅក្នុងប្រទេសបង់ក្លាដែស។ អាជ្ញាធរបាននិយាយថា ពួកគេកំពុងផ្លាស់ប្តូរទីលំនៅរបស់ជនភៀសខ្លួនពីតំបន់ភ្នំដែលមានហានិភ័យ ហើយមនុស្សប្រហែល ១០០០ នាក់ត្រូវបានផ្លាស់ទីលំនៅរួចហើយ។ យោងតាម ​​UNHCR ថាមានជនភៀសខ្លួនចំនួន៣៦នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៨៦ នាក់បានរងរបួសនៅក្នុងហេតុការរអិលបាក់ដីស្រដៀងគ្នានេះនៅតាមជំរំជនភៀសខ្លួននៅចន្លោះឆ្នាំ២០២១ និង ២០២៦៕

សម្រួលអត្ថបទ៖ សុផារិន្ទ