ក្រសួងសង្គមកិច្ខ អតីតយុទ្ធជន និងយុវនិតិសម្បាទា ប្រារព្ធពិធីអបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់ អន្តរជាតិ ២៧ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ត និងការចូលរួមពេញលេញក្នុងសង្គម

ដើម្បីលើកកម្ពស់ការយល់ដឹង របស់សាធារណជន អំពីសិទ្ធិ សេចក្តីថ្លៃថ្នូរ និងការចូលរួមប្រកបដោយសមភាព របស់ជនមានពិការភាពភ្នែក និងគថ្លង់ ក្រសួងសង្គមកិច្ខ អតីតយុទ្ធជន និងយុវនិតិសម្បាទា បានប្រារព្ធពិធីអបអរសាទរខួប ជាលើកទី២ ទិវាជនមានពិការភាពភ្នែក និងគរថ្លង់ អន្តរជាតិ ២៧ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងអង្គការជាតិ-អន្តរជាតិ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ព្រមទាំងជនមានពិការភាពជាច្រើនរូប។ បើតាមរបាយការណ៍របស់ ឯកឧត្តម អ៊ុច សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ខ អតីតយុទ្ធជន និងយុនិតិសម្បាទា បានឲ្យដឹងថា ប្រធានបទ ក្នុងឆ្នាំ២០២៦នេះ គឺបានផ្តល់កាលានុវត្តភាព ដល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីទទួលបានសិទ្ធិ និងឱកាសស្មើភាពគ្នា ជាមួយជនទូទៅ កាត់បន្ថយការរើសអើង និងឧបសគ្គនានា ទទួលបានការអប់រំ សេវាសុខាភិបាល ការងារ និងព័ត៌មាន ដើម្បីអាចរស់នៅដោយឯករាជ្យ ប្រកបដោយសេចក្ដីថ្លៃថ្នូរ និងចូលរួមយ៉ាងសកម្មពេញលេញ ក្នុងការអភិវឌ្ឍសង្គម។ ម្យ៉ាងទៀត គឺចង់បង្ហាញបញ្ជាក់ពីការយកចិត្តទុកដាក់ ចំពោះជនមានពិការភាពគ្រប់រូប ជាពិសេស ជនមានពិការភាពភ្នែក និងគថ្លង់ និងការលើកទឹកចិត្តដល់អ្នកទាំងអស់គ្នា មានជំនឿទុកចិត្តភាពកក់ក្តៅ និងកម្លាំងចិត្តទ្វេរឡើងថែមទៀត ដើម្បីជំរុញការចូលរួមអភិវឌ្ឍន៍ការងារសង្គមកិច្ច និងវិស័យពិការភាពនៅកម្ពុជា។

ឯកឧត្តម ជា សុមេធី បានលើកឡើងថា ក្នុងគោលបំណងចម្បង នៃការប្រារព្ធទិវាជនមានពិការភាពភ្នែក និងគថ្លង់នេះ គឺដើម្បីបំផុសការយល់ដឹងជាសាធារណៈ លុបបំបាត់រាល់ទម្រង់នៃការរើសអើង កាត់បន្ថយគំនិតអវិជ្ជមាន ទទួលស្គាល់សក្តានុពល និងគុណតម្លៃរបស់ជនមានពិការភាព។ ទិវានេះក៏ជាការអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមលើកកម្ពស់ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កម្មវិធីអប់រំពិសេស និងប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយបរិយាបន្ន ដូចជាការប្រើប្រាស់អក្សរស្ទាបព្រៃយ៍ខ្មែរ ភាសាសញ្ញា ការបំពាក់សំឡេង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការទំនាក់ទំនង និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាពភ្នែក និងគថ្លង់ ព្រមទាំងបង្កើតកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឱកាសការងារ ដល់ជនមានពិការភាពភ្នែក និងគថ្លង់។ ការប្រារព្ធទិវានេះ ក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់តម្លៃ និងការទទួលស្គាល់សិទ្ធិ ក៏ដូចជា សក្តានុពលរបស់បងប្អូនជនមានពិការភាពភ្នែក និងគថ្លង់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារពិការភាព គឺជាការងារអាទិភាពមួយនៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់សកម្មភាពអាទិភាព សម្រាប់ជនមានពិការភាពគ្រប់រូប ជាពិសេសជនមានពិការភាពភ្នែក និងគថ្លង់ តាមរយៈ ការអនុវត្តច្បាប់ ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយផ្តោតជាសំខាន់ លើការជ្រើសរើសជនពិការ ចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន តាមអត្រាកំណត់ និងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាពដើម្បីធានាថា ជនមានពិការភាពគ្រប់រូប រួមទាំងជនមានពិការភាពភ្នែក និងគថ្លង់ ទទួលបានសេវាសាធារណៈ សេវាសុខាភិបាល និងយុត្តិធម៌ដោយសមធម៌។ ការបង្កើតវិទ្យាស្ថានជាតិអប់រំ ពិសេស ដើម្បីផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀន ឱ្យមានជំនាញច្បាស់លាស់ ក្នុងការបង្រៀនសិស្សមានពិការភាពភ្នែក និងគថ្លង់ រួមទាំងការរៀបចំឱ្យមានសាលាអប់រំ ពិសេសស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ដើម្បីធានានិរន្តរភាព នៃការបង្រៀនអក្សរស្ទាបព្រៃយ៍ខ្មែរសម្រាប់អ្នកពិការភ្នែក និងភាសាសញ្ញាសម្រាប់អ្នកគថ្លង់ ការអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដើម្បីសម្រាលបន្ទុកជីវភាពរស់នៅរបស់ពួកគេ។ ការរៀបចំផ្លូវដើរ ជម្រាល កន្លែងចតយានយន្ត ស្លាកសញ្ញា និងការឿនសញ្ញាសម្គាល់សម្រាប់ជនពិការភ្នែក នៅតាមអគាររដ្ឋបាល និងទីសាធារណៈមួយចំនួន និងការបកប្រែភាសាសញ្ញា នៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីព័ត៌មាន ដើម្បីឱ្យជនមានពិការភាពគថ្លង់ អាចទទួលបានព័ត៌មានទាន់ហេតុការណ៍ និងការប្រារព្ធទិវាជនមានពិការភាពជាតិ និងអន្តរជាតិកម្ពុជា ទិវាផ្សេងៗជារៀងរាល់ឆ្នាំ។ ជាក់ស្តែងឆ្នាំនេះ យើងបានបន្ថែមការ រៀបចំទិវាជនមានពិការភាពភ្នែក និងគថ្លង់ ដែលបាននិងកំពុងប្រារព្ធធ្វើនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ ក្នុងការបន្តអនុវត្តអនុសញ្ញា ស្តីពី សិទ្ធិជនមានពិការភាព និងការលើកកម្ពស់បរិយាបន្ន សម្រាប់មនុស្សគ្រប់រូប ដោយមិនទុកនរណាម្នាក់ចោល។