លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់បុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ យ៉ាងមុឺងម៉ាត់ប្រកបដោយស្មារតីបេះដូងមនុស្សធម៌ និងទំនួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចស្នូលគឺ“បង្ការ បង្ក្រាប និងសង្គ្រោះ” ដោយចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នក ដែលត្រូវការឈាម។ សកម្មភាពចូលរួមបរិច្ចាគនេះជាអំពើកុសលមួយដ៏មានតម្លៃ ដែលបានមគ្គផលខ្ពស់ណាស់ មិនថាយើងកាន់សាសនាណានោះទេ។
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ ជាក់ស្តែង នាព្រឹកថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានរៀបចំឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងពីធីនេះដោយការអញ្ជើញចូលរួមពីសំណាក់ លោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធាន និងនាយ-នាយរងការិយាល័យចំណុះមន្ទីរទាំង៧ កងអនុសេនាធំកងរាជអាវុធហត្ថចល័តខេត្តកំពង់ស្ពឺ និងលោកមេបញ្ជាការ-រង,នាយសេនាធិការ និងជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងស្នាក់ការសន្តិសុខ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលមានចិត្តសប្បុរសធម៌ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ចូលរួមបរិច្ចាគឈាមផងដែរ។
ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានលើកឡើងថា ចំពោះការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិយើង ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំង ដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក «យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន»។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តទៀតថា«យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបានតាមរយៈបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង»។ ហើយពេលនេះគឺជាលើកទី០៣ហើយ ដែលលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន ដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមផងដែរ។
សូមបញ្ចាក់ផងថា ក្នុងរយៈពេលនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារជាតំណាងធ្វើការ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ដើម្បីទទួលបានឈាម ក្នុងការអន្តរាគមន៍ជួយសង្រ្គោះដល់ប្រជាពលរដ្ឋមានទុកលំបាក ជីវភាពខ្វះខាត មានជំងឺប្រចាំកាយ ហើយត្រូវាការឈាមជាបន្ទាន់បានជាច្រើននាក់មកហើយ ក្នុងការព្យាបាលជំងឺផងដែរ៕
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងក្រុមការងារ ព្រមទាំងបានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ រួមបងប្អូនសប្បុរសជនដែលបានចូលរួមបរិច្ចាកឈាមដោយស្ម័កចិត្តនាពេលនេះ ជាពិសេសសូមជូនពរអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕







