លោកជំទាវ ទេស ផល្លីន សម្របសម្រួលកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្ថែមលើគម្រោងផែនការចំណូល-ចំណាយ ឆ្នាំ២០២៧ របស់ក្រសួងព័ត៌មាន
ភ្នំពេញ៖ លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បានសម្របសម្រួលពិនិត្យ និងពិភាក្សាបន្ថែមលើគម្រោងផែនការចំណូល-ចំណាយ ឆ្នាំ២០២៧ របស់ក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានទាំង៤ ព្រមទាំងមន្ត្រីជំនាញ និងតំណាងអង្គភាពពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពិនិត្យលម្អិតនូវគម្រោងផែនការចំណូល-ចំណាយ ដើម្បីធានាឱ្យការរៀបចំថវិកាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅអភិវឌ្ឍន៍របស់ក្រសួងព័ត៌មាន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ក្នុងឱកាសនោះ លោកជំទាវ ទេស ផល្លីន បានផ្តល់នូវមតិយោបល់មួយចំនួនឱ្យអង្គភាពជំនាញពាក់ព័ន្ធ បន្តសម្របសម្រួល និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើទិន្នន័យ និងសំណើថវិកានីមួយៗ ដើម្បីធានាថា គម្រោងផែនការចំណូល-ចំណាយ ឆ្នាំ២០២៧ មានភាពជាក់លាក់ សមស្រប និងអាចអនុវត្តបាន ស្របតាមអាទិភាពការងាររបស់ក្រសួងព័ត៌មាន ហើយទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនាឱកាសនេះក៏បានឯកភាពលើការបន្តកែលម្អ និងបំពេញព័ត៌មានចាំបាច់មួយចំនួន ដើម្បីរៀបចំគម្រោងផែនការចំណូល-ចំណាយ ឆ្នាំ២០២៧ ឱ្យបានគ្រប់ជ្រុងជ្រោយ មុនដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងអនុម័តតាមនីតិវិធី៕







