លោក Trump និងមេដឹកនាំក្រុម NATO ផ្សេងទៀតបានមកដល់ទីក្រុងអង់ការ៉ាសម្រាប់កិច្ចប្រជុំកំពូល! ខណៈអាម៉េរិកប្រកាសពិចារណាលក់យន្តហោះចម្បាំង F-35 ឱ្យទៅប្រទេសតួកគី
មេដឹកនាំនៃប្រទេសសមាជិក NATO មួយចំនួន រួមទាំងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy , ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានគណៈកម្មការអឺរ៉ុប បានមកដល់ពិធីអាហារពេលល្ងាចថ្នាក់រដ្ឋហើយនៅទីក្រុងអង់ការ៉ាកាលពីថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងស្រុក)។ លោក Trump និងសមភាគី NATO របស់លោកបានជួបជុំគ្នានៅប្រទេសតួកគីសម្រាប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលធ្វើឡើងនៅចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការនេះ ខណៈដែលសហរដ្ឋអាមេរិកបានដកថយពីតួនាទីសន្តិសុខបែបប្រពៃណីរបស់ខ្លួននៅអឺរ៉ុបដែរ។ លោក Trump កាលពីថ្ងៃអង្គារបានទទូចថា សហរដ្ឋអាមេរិកគួរតែគ្រប់គ្រងកោះ Greenland ជាជាងចងសម្ព័ន្ធមិត្ត NATO គឺដោយសារប្រទេសដាណឺម៉ាក ដែលធ្វើឲ្យមានភាពតានតឹងឡើងវិញនៅអឺរ៉ុប ទោះបីជាសម្ព័ន្ធមិត្តយោធាឆ្លងទ្វីបអាត្លង់ទិកបានជួបជុំគ្នានៅឯកិច្ចប្រជុំកំពូលមួយដែលកំពុងប្រកាសអំពីកិច្ចព្រមព្រៀងអាវុធរាប់ពាន់លានដុល្លារក្នុងការប៉ុនប៉ងផ្គាប់ចិត្តមេដឹកនាំអាមេរិកក្តី ប៉ុន្តែស្ថានភាពនៅពេលនេះក៏កំពុងមានការប្រែប្រួលខ្លាំងដែរ។ លោក Trump បានហៅកោះ Greenland ពាក់កណ្តាលស្វយ័តនេះថា “ជាផ្នែកដ៏សំខាន់មួយ” សម្រាប់សហរដ្ឋអាមេរិក ខណៈដែលលោកបាននិយាយម្តងទៀតអំពីការអះអាងនូវរឿងមិនពិតថា វាត្រូវបានហ៊ុំព័ទ្ធដោយនាវាចិន និងរុស្ស៊ី ហើយលោកបានបញ្ជាក់ថា លោកនឹងមិនអនុញ្ញាតឱ្យកោះ Greenland ត្រូវបានគំរាមកំហែងនោះទេ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានបែបនេះអំឡុងពេលជួបជាមួយនឹងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅទីក្រុងអង់ការ៉ា ដោយក្នុងនោះលោកបានបន្ថែមថា “កោះនោះគួរតែត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក មិនមែនដោយប្រទេសដាណឺម៉ាកទេ”។ សម្ព័ន្ធភាព NATO ត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍ដែលមានសមាជិកទាំង៣២របស់ខ្លួន នឹងការពារទឹកដីរបស់គ្នាទៅវិញទៅមក ហើយមិនគំរាមកំហែងដណ្តើមយកវាឡើយ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្រទេសនៅអឺរ៉ុប និងអគ្គលេខាធិការសម្ព័ន្ធភាព NATO លោក Mark Rutte បានធ្វើការលើសម៉ោងរួចទៅហើយ ដើម្បីដោះស្រាយភាពត្អូញត្អែរដ៏យូរអង្វែងមួយទៀតរបស់លោក Trump ថា៖ សម្ព័ន្ធមិត្តអឺរ៉ុបមិនបានចំណាយថវិការគ្រប់គ្រាន់លើកិច្ចការពារជាតិរបស់ពួកគេទេ។ ដោយឡែកពីគ្នានោះដែរ លោក Trump ក៏បានឆ្លៀតប្រកាសថា សហរដ្ឋអាមេរិកនឹងលើកលែងទណ្ឌកម្មលើប្រទេសតួកគី ដែលវាត្រូវបានចេញផ្សាយជាសាធារណៈ បន្ទាប់ពីទីក្រុងអង់ការ៉ាបានទិញប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី ហើយលោកនឹងពិចារណាលក់យន្តហោះចម្បាំង F-35 របស់ខ្លួនទៅឱ្យតួកគីដើម្បីការបង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅរបស់លោកជាមួយម្ចាស់ផ្ទះកិច្ចប្រជុំកំពូលដែរ គឺលោកប្រធានាធិបតី Erdogan៕


សម្រួលអត្ថបទ៖ សុផារិន្ទ





