ឯកឧត្តម ហ៊ុន ម៉ានី៖ ការចងចាំវីរភាព និងការលះបង់របស់យុវជនជំនាន់មុន គឺជាមូលដ្ឋានក្នុងការបណ្តុះស្មារតីស្នេហាជាតិ និងអត្តសញ្ញាណជាតិដល់យុវជនជំនាន់ក្រោយ

ភ្នំពេញ៖ ការថែរក្សាការចងចាំអំពីវីរភាព ការតស៊ូ និងការលះបង់របស់យុវជនជំនាន់មុន មិនត្រឹមតែជាការលើកតម្កើងគុណូបការៈរបស់អ្នកបានបូជាដើម្បីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏សំខាន់សម្រាប់ការបណ្តុះស្មារតីស្នេហាជាតិ ការពង្រឹងអត្តសញ្ញាណជាតិ និងការបណ្តុះស្មារតីទទួលខុសត្រូវរបស់យុវជនជំនាន់ក្រោយ ឱ្យបន្តចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ការចងចាំ និងគោរពស្ញប់ស្ញែងនូវគំរូវីរភាព និងការលះបង់របស់យុវជនជំនាន់មុន ដែលជាចំណុចចាប់ផ្ដើមរបស់ ស.ស.យ.ក គឺជាមូលដ្ឋានក្នុងការថែរក្សា និងបន្តបណ្តុះគុណធម៌ សីលធម៌ ស្មារតីស្នេហាជាតិ និងអត្តសញ្ញាណជាតិពីជំនាន់មួយទៅជំនាន់មួយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដែរថា លើសពីការបំពេញបេសកកម្មលើកិច្ចការសង្គម សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាសាក្សីនៃដំណើរវិវត្តរបស់កម្ពុជា ចេញពីស្មារតី២ ធ្នូ ក្នុងការតស៊ូរំដោះជាតិចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ រហូតដល់សម្រេចបានសុខសន្តិភាពពេញលេញ ដោយមានសម្ដេចតេជោ ជាប្រធានទី១។

ការថ្លែងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន ព្រមទាំងវត្តមានថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមការងារស.ស.យ.ក. វិស័យព័ត៌មានជាង ៧០០នាក់ ។

ឯកឧត្តម ហ៊ុន ម៉ានី បានរម្លឹកមេរៀនឆ្នាំ២០២៥ បានដាស់តឿនថា ហានិភ័យដែលអាចប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា អាចកើតមានបានគ្រប់ពេលវេលា និងពីគ្រប់ទិសទី។ ដូច្នេះ ការកសាង ថែរក្សាសាមគ្គីឯកភាព និងអត្តសញ្ញាណជាតិឱ្យបានរឹងមាំ គឺជាកាតព្វកិច្ចមិនអាចខ្វះបាន។ នេះជាអ្វីដែល ស.ស.យ.ក តែងរៀបចំវេទិកាជួបជុំ ដើម្បីស្វែងរកចំណុចរួម និងមោទនភាពជាតិ, បំផុសស្មារតីកូនខ្មែរគ្រប់រូបឱ្យស្រឡាញ់ និងហ៊ានចេញមុខការពារប្រទេសជាតិ និងផលប្រយោជន៍របស់កម្ពុជា។ ដូចប្រសាសន៍ សម្ដេចធិបតី ដែលបានគូសបញ្ជាក់ ក្នុងការរៀបចំផ្ទះឱ្យរៀបរយ យើងត្រូវពង្រឹងសមត្ថភាពខ្លួនជាប្រចាំ។

នៅក្នុងឱកាសនៃអង្គពិធីនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះក្រុមគ្រួសារ ស.ស.យ.ក. ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុជាតិ និងប្រជាជន ចាប់តាំងពីដំណាក់កាលសមាគមយុវជនកម្ពុជា រហូតដល់សហភាពសហព័ន្ធយុវជនកម្ពុជា នាបច្ចុប្បន្ន។ ការចូលរួមយ៉ាងសកម្មជាបន្តបន្ទាប់របស់សមាជិក សមាជិកាទាំងអស់ រួមទាំងក្នុងវិស័យព័ត៌មាននាថ្ងៃនេះ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជំនាន់ គឺជាការបន្តបេសកកម្មរបស់យុវជនជំនាន់មុន និងជាគំរូសម្រាប់យុវជនបន្តវេន។

យុវជនជំនាន់ក្រោយ គឺជាកម្លាំងបន្តវេនដ៏សំខាន់ក្នុងការថែរក្សាសមិទ្ធផលជាតិ បន្តពង្រឹងឯកភាពជាតិ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងវិបុលភាព៕