សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅឃុំដងកាំបិត ទទូលបានសាឡាងមួយគ្រឿង ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឆ្លងកាត់ដងស្ទឹងសែន ដោយឥតគិតថ្លៃ
ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ និងជាប្រធានក្រុមក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២៦ បានដឹកនាំសហការី រួមជាមួយអាជ្ញាដែនដី បានទៅពិនិត្យ និងសិក្សាអំពីដំណើរការសាឡាងឆ្លងកាត់ដងស្ទឹងសែន ការបម្រើប្រជាជន និងសិស្សានុសិស្សដោយឥតគិតថ្លៃ នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានផ្ដល់សាឡាងជូនពួកគាត់ សម្រាប់ធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន នៅឃុំដងកាំបិត ដោយឥតគិតថ្លៃ និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្ដម នួន ផារ័ត្ន និងលោកជំទាវ ព្រមទាំងឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់អាជ្ញាធរដែនដី និងក្រុមអ្នកបេីកបរសាឡាង ត្រូវថែរក្សាបច្ចេកទេសឲ្យបានល្អ ដើម្បីបានប្រើប្រាស់បានយូរអង្វែង ។ ជាមួយនោះដែរ ត្រូវយកចិត្តទុកដាក់ ធានាឲ្យបានសុវត្ថិភាពដល់អ្នកដែលបានធ្វើដំណើរឆ្លងកាត់ ឲ្យមានសុវត្ថិភាព។
នៅក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងសិស្សានុសិស្ស នៅឃុំដងកាំបិត ស្រុកសណ្តាន់ បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានផ្ដល់សាឡាងថ្មីមួយគ្រឿងនេះ ដែលបានបង្ករលក្ខណ:ងាយស្រួលសម្រាប់ការដឹកជញ្ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្តាន់ បានឆាប់រហ័ស និងមានសុវត្ថិភាព ដោយកន្លងទៅ ការឆ្លងកាត់ដងស្ទឹងសែននេះ ត្រូវប្រើទូក ឬកាណូតតូចៗមិនមានសុវត្ថិភាព និងសូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕







